ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យភាគី ពាក់ព័ន្ធប្រកាន់ខ្ជាប់ នូវដំណោះស្រាយ នយោបាយ ចំពោះវិបត្តិយេម៉ែន

Xinhua

យូអិន ៖ លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគី ពាក់ព័ន្ធទាំងអស់ បន្តដំណើរនៃដំណោះស្រាយនយោបាយ ចំពោះវិបត្តិយេម៉ែនដោយសង្កត់ធ្ងន់ថា “ដំណោះស្រាយ នៃសំណួរយេម៉ែន ទាមទារ​មធ្យោបាយ​នយោបាយ និង​ការទូត” ។

នៅក្នុងសុន្ទរកថា នៅឯសន្និសីទសង្ខេបក្រុមប្រឹក្សា សន្តិសុខស្តីពីយេម៉ែន លោក Fu បានឲ្យដឹងថា ប្រទេសចិន សង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹង បន្តនៅលើផ្លូវនៃដំណោះស្រាយនយោបាយ បង្កើតការឯកភាពគ្នា រួមគ្នាលើកកម្ពស់ដំណើរការនយោបាយដ៏ទូលំទូលាយ ដែលដឹកនាំដោយយេម៉ែន និងគ្រប់គ្រងដោយយេម៉ែន និង ដោះស្រាយភាពតានតឹង និងភាពខុសគ្នាតាមរយៈការសន្ទនា និងការចរចា។

លោកបានចង្អុលបង្ហាញថា “សហគមន៍អន្តរជាតិគួរតែផ្តល់ជំនួយ និង ដើរតួនាទីស្ថាបនាក្នុងរឿងនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកបានបន្ដថា ជាមួយនឹងភាពតានតឹង ដែលកំពុងបន្តនៅក្នុងសមុទ្រក្រហម ភាគីចិនបានជំរុញម្តងទៀតដល់ក្រុម Houthis ឱ្យគោរពសិទ្ធិនាវាចរណ៍ នៃនាវាពាណិជ្ជកម្មនៅក្រោមច្បាប់អន្តរជាតិ នៅសមុទ្រក្រហម បញ្ឈប់ការវាយប្រហារ និងរក្សាការរុករកប្រកបដោយសុវត្ថិភាពនៅក្នុងសមុទ្រក្រហម។ 

លោកក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធផ្សេងទៀតរក្សាការអត់ធ្មត់ និងបញ្ឈប់រាល់សកម្មភាព ដែលអាចធ្វើអោយភាពតានតឹងកាន់តែធ្ងន់ធ្ងរ ដោះស្រាយស្ថានការណ៍មនុស្សធម៌ក្នុងប្រទេសយេម៉ែន ដែលនៅប្រឈម។

ឯកអគ្គរដ្ឋទូតរូបនេះបានបន្ដថា សហគមន៍អន្តរជាតិគួរតែបង្កើនជំនួយមនុស្សធម៌ និងអភិវឌ្ឍន៍ដល់យេម៉ែន គាំទ្រ និងជួយរដ្ឋាភិបាល និងប្រជាជនយេម៉ែន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ។

លោកបានកត់សម្គាល់ថា ប្រទេសចិន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឃុំខ្លួនបុគ្គលិកអង្គការ សហប្រជាជាតិនៅក្នុងប្រទេសយេម៉ែន ហើយអំពាវនាវឱ្យមានការដោះលែង បុគ្គលិកអង្គការសហប្រជាជាតិជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ៕

To Top