ម៉ានីល៖ ក្រុមប្រឹក្សាឧតុនិយមម៉ានីល បានប្រកាសជាផ្លូវការនូវស្ថានភាព គ្រោះមហន្តរាយនៅក្នុងតំបន់ រដ្ឋធានីនៅថ្ងៃពុធនេះ ខណៈភ្លៀងបាននឹងកំពុងធ្លាក់ចុះដោយសារ ខ្យល់មូសុងនិរតីដែលបានបង្កឲ្យមានព្យុះទីហ្វុង Gaemi កើតឡើង ហើយបានបណ្តាលឱ្យមានគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងតំបន់ផ្សេងៗនៃរដ្ឋធានីរបស់ហ្វីលីពីន ។
គ្រោះទឹកជំនន់កើនឡើងដែលមានជម្រៅ៧ហ្វីត នៅក្នុងតំបន់មួយចំនួនដោយបានបង្ខំឱ្យ រដ្ឋាភិបាលជម្លៀសប្រជាជនដែលរស់នៅជិត ឈូងសមុទ្រម៉ានីល និងទន្លេទៅកាន់ទីទួលសុវត្ថិភាព និងបានបិទសាលារៀន និងការិយាល័យជាច្រើនផងដែរ ។
ខណៈដែលឧតុនិយមម៉ានីល ត្រូវបានដាក់ឱ្យស្ថិតក្រោមស្ថានភាពនៃគ្រោះមហន្តរាយ អាជ្ញាធរក្នុងតំបន់បានធ្វើការជម្លៀស អ្នកស្រុកនៅតំបន់ឆ្នេរនៅតំបន់កណ្តាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីនចេញជាបន្ទាន់ ។
ប៉ូលិសបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន៨នាក់ បានបាត់បង់ជីវិតដោយសារខ្យល់ព្យុះទីហ្វុងមួយនេះ ។
គេបានដឹងថា មានមនុស្សចំនួន៤នាក់បានស្លាប់ នៅក្នុងពេលមានគ្រោះបាក់ដីកើតឡើងនៅទីក្រុង Agoncillo ក្នុងខេត្ត Batangas ស្ថិតនៅភាគខាងត្បូងនៃទីក្រុងម៉ានីល ហើយបុរសវ័យ៤៦ឆ្នាំម្នាក់ បានស្លាប់នៅក្នុងទីក្រុង Nasugbo ក្នុងខេត្ត Batangas ក្រោយពីរូបគាត់ត្រូវបានដើមឈើមួយដើម រលំសង្កត់ពីលើដោយសារតែខ្យល់បោកបក់ខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំង ខណៈនោះដែរ មានបុរសម្នាក់ទៀតបានស្លាប់នៅក្នុងទីក្រុងម៉ានីល ដោយសារឆក់ចរន្តអគ្គិសនី ។
ប៉ូលិសបានរាយការណ៍ឲ្យដឹងទៀតថា មនុស្សចំនួន២នាក់ បានស្លាប់នៅក្នុងពេលមាន គ្រោះបាក់ដីកើតឡើងនៅក្នុងទីក្រុង Angeles ក្នុងខេត្ត Pampanga ស្ថិតនៅភាគខាងជើងនៃទីក្រុងម៉ានីល ហើយមនុស្សចំនួន ២នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងខេត្ត Bataan ស្ថិតនៅភាគខាងលិចនៃទីក្រុងម៉ានីល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា