ព័ត៌មានអន្តរជាតិ

អង្គការ OPEC ទទួលបានផែនការសំណង សម្រាប់ការផលិតប្រេង លើសចំណុះពីប្រទេសអ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងរុស្ស៊ី

AFP

វីយែន៖ លេខាធិការដ្ឋាននៃអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) បានឲ្យដឹងថា ខ្លួនបានទទួលផែនការសំណងពីប្រទេសអ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងរុស្ស៊ី សម្រាប់បរិមាណប្រេងដែលផលិតលើស របស់ពួកគេនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។

អង្គការ OPEC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផលិតលើសចំណុះរួមបញ្ចូលគ្នា ពីប្រទេសទាំងបីមានចំនួនសរុប ២,២៨លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងអំឡុងពេលនោះ។ អ៊ីរ៉ាក់ផលិតលើសចំនួន ១,១៨លានបារ៉ែលក្នុងមួយថ្ងៃ កាហ្សាក់ស្ថាន ៦២ម៉ឺនបារ៉ែល និងរុស្ស៊ី ៤៨ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ។

អ៊ីរ៉ាក់ និងកាហ្សាក់ស្ថាន នឹងចាប់ផ្តើមផ្តល់សំណង សម្រាប់បរិមាណផលិតលើសរបស់ពួកគេក្នុងខែនេះ ខណៈដែលរុស្ស៊ី នឹងចាប់ផ្តើមនៅខែតុលា ឆ្នាំនេះ។

ប្រទេសទាំងបីនឹងផ្តល់សំណងពេញលេញ សម្រាប់ការផលិតលើសរបស់ពួកគេនៅខែកញ្ញា ឆ្នាំ២០២៥ ដោយការកាត់បន្ថយសំណង របស់ពួកគេប្រែប្រួលពីមួយខែទៅមួយខែ។

កាលពីខែមិថុនា កិច្ចប្រជុំរដ្ឋមន្ត្រីប្រេងពីអង្គការ OPEC និងសម្ព័ន្ធមិត្ត ជាក្រុមដែលគេស្គាល់ថាជា OPEC+ បានរំលឹកឡើងវិញពីសារៈសំខាន់ នៃការប្រកាន់ខ្ជាប់នូវការអនុលោមភាពពេញលេញ និងយន្តការផ្តល់សំណង។ អង្គការ OPEC+ បានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំ ដើម្បីបន្តកាត់បន្ថយទិន្នផលបច្ចុប្បន្នរបស់ខ្លួន យ៉ាងហោចណាស់ដល់ត្រីមាសទីបីនៃឆ្នាំនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top