ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ស្ញប់ស្ញែង​ ចំពោះវីរភាពកម្លាំងប្រតិបត្តិការ ស្រង់គ្រាប់យុទ្ធភណ្ឌសល់ ពីសម័យសង្គ្រាម រាប់ម៉ឺនគ្រាប់នៅបាតទន្លេ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីស្ញប់ស្ញែង ចំពោះវីរភាពរបស់កម្លាំង ប្រតិបត្តិការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ទាំងកម្លាំងស៊ីម៉ាក់ (CMAC) និងកម្លាំងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការ ប្រកបដោយបច្ចេកទេសខ្ពស់ និងភាពអង់អាចក្លាហានដ៏អស្ចារ្យ នៅកណ្ដាលទន្លេ ស្ថិតក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង ។

ក្នុងឱកាសអញ្ជើញសំណេះសំណាល និងចុះពិនិត្យការដ្ឋានប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ នាថ្ងៃទី២៥ កក្កដា លោក ស សុខា បានចាត់ទុកបេសកកម្មនេះថា ការយកអាយុជីវិតប្ដូរ យកសន្តិសុខ និងសុវត្ថិភាពជូនប្រជាជន និងមានតម្លៃ ជាប្រវត្តិសាស្រ្ត សម្រាប់ជាតិខ្មែរ ដែលឆ្លងកាត់សង្គ្រាម និងបន្សល់នូវគ្រាប់យុទ្ធភណ្ឌ រួមទាំងសំណល់ជាតិផ្ទុះទាំងលើដី ក្នុងដី និងក្រោមទឹក ស្ទើគ្រប់ទីកន្លែង ។

លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ចាប់តាំងពីកម្ពុជាទទួលបានសុខសន្តិភាព ពេញលេញក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភា អត្រាពលរដ្ឋស្លាប់ និងរបួសដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានឈរនៅលំដាប់ខ្ពស់ គួរឲ្យបារម្ភ ប៉ុន្តែដោយសារបេសកកម្មរបស់កម្លាំងជំនាញ ដោយមានការគាំទ្រ ពីបណ្ដាដៃគូជាតិ និងអន្តរជាតិ បានធ្វើឲ្យបញ្ហានេះធូរស្រាល ពីមួយឆ្នាំទៅមួយឆ្នាំ ជំនួសមកវិញនូវការ ប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ។

គួរកតត់សម្គាល់ថា កម្លាំងដែលកំពុងធ្វើប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅភូមិសាស្រ្តស្រុកលើកដែក ប្រសប់នឹងស្រុកពាមជរនេះ មានកម្លាំងស៊ីម៉ាក់ចំនួន២១៤នាក់ និងកងកម្លាំងនគរបាលជាតិចំនួន៦នាក់។ ប្រតិបត្តិការនេះ បានអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ដោយជោគជ័យសម្រាប់ប្រតិបត្តិការនៅស្រុកស្រីសន្ធរខេត្តកំពង់ចាម ដែលកាលណោះសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាបបានអញ្ជើញសួរសុខទុក្ខ និងត្រួតពិនិត្យដោយផ្ទាល់ដូចគ្នាដែរ។

យោងតាមរបាយការណ៍ថ្លែងដោយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ប្រតិបត្តិការដែលបាន និងកំពុងអនុវត្តនេះ បានស្រង់គ្រាប់ចំនួន ២៤.៦៩៩គ្រាប់ បំណែកដែកនាវានិងបំបែងយុទ្ធភណ្ឌសង្គ្រាមចំនួនជាង២៧តោន ក្នុងនោះមានគ្រាប់យុទ្ធភណ្ឌដែលស្រង់បាន ត្រូវដឹកយកទៅកាន់ខេត្តកំពង់ឆ្នាំង ដើម្បីដោះបន្សាបបានចំនួន៨.២៤៦គ្រាប់ និងកម្ទេចចោលបានចំនួន ១៣.០៣៧គ្រាប់ ៕

To Top