ព័ត៌មានអន្តរជាតិ

ចិនថា អង្គការណាតូ កំពុង​ទទួលបានផល ចំណេញពីសង្គ្រាមអ៊ុយក្រែន

RT News

បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសសមាជិករបស់អង្គការណាតូ កំពុងទទួលបានផលចំណេញពីជម្លោះនៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Zhang ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ លើសេចក្តីប្រកាសដែលបានអនុម័ត កាលពីដើមខែនេះ នៅឯកិច្ចប្រជុំកំពូល របស់អង្គការណាតូក្នុង ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលបានដាក់ស្លាកទីក្រុងប៉េកាំងថា ជា “អ្នកសម្រេចនូវសង្គ្រាម របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន” ។ យ៉ាងណាក៏ដោយ លោក​បាន​ច្រានចោល​ឯកសារ​នេះ​ ហើយថា​ ជា «​ពោរពេញ​ទៅ​ដោយ​ការ​ភូតភរ និង​លម្អៀង​»។

លោក Zhang បាននិយាយថា “សម្ព័ន្ធមិត្តណាតូដឹកនាំដោយសហរដ្ឋអាមេរិក បន្តដុតភ្លើង និងចំណេញពីសង្គ្រាមនេះ។ ណាតូ​ត្រូវ​គិត​ពិចារណា​ខ្លួន​ឯង ជាជាង​ទម្លាក់​កំហុស​មក​លើ​ចិន»  លោក​ក៏បានបន្ត​ចោទ​សម្ព័ន្ធ​លោក​ខាង​លិច​ថា​ បាន​បង្ក​ជម្លោះ​ជុំវិញ​ពិភពលោក។

លោក Zhang បាននិយាយថា “ពីអ៊ុយក្រែន ដល់អាហ្វហ្គានីស្ថាន ពីអ៊ីរ៉ាក់ ដល់លីប៊ី វាបាននាំមកនូវសង្គ្រាម និងគ្រោះ មហន្តរាយ ដល់តំបន់ទាំងនេះ និងប្រជាជនរបស់ពួកគេ” ដោយបញ្ជាក់ជាថ្មីថា ទីក្រុងប៉េកាំង “ជំរុញយ៉ាងសកម្មនូវ កិច្ចចរចាសន្តិភាព” រវាងទីក្រុងម៉ូស្គូ និងគៀវ។

ទីក្រុងប៉េកាំងបានច្រាន ចោលម្តងហើយម្តងទៀត នូវការចោទប្រកាន់ថា ខ្លួនបានជួយទីក្រុងម៉ូស្គូ ឱ្យជៀសផុតពីការ ដាក់ទណ្ឌកម្ម និងការជំរុញ “មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី” ។ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ប្រទេសចិន បានស្នើផែនទី បង្ហាញផ្លូវទៅកាន់សន្តិភាព ចំនួន ១២ចំណុច ហើយចាប់តាំងពីពេលនោះ មកបានខិតខំ ប្រឹងប្រែង ដើម្បីសម្របសម្រួលជម្លោះ ក្នុងអំឡុងពេលកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា

To Top