ព័ត៌មានជាតិ

កម្ពុជា ទន្ទឹងរង់ចាំហ្វាំងឡង់ លុចសំបួ អេស្ប៉ាញ ម៉ិកស៊ិក និងអាល់ហ្សេរី ចូលជាភាគីសន្ធិសញ្ញា TAC

ភ្នំពេញ ៖ កម្ពុជា កំពុងទន្ទឹងរង់ចាំ​ ប្រទេសហ្វាំងឡង់ លុចសំបួ អេស្ប៉ាញ សហរដ្ឋម៉ិកស៊ិក និងអាល់ហ្សេរី ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ។

នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេសខ្មែរ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៧ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី២៥ កក្កដា ។

ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ក៏បានស្វាគមន៍ នូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់ របស់ប្រទេស ដែលនៅក្រៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការស្នើសុំចូលជាភាគី នៃសន្ធិសញ្ញា TAC ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីអំពីសារសំខាន់ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងការលើកកម្ពស់ទំនាក់ទំនង ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលជាផលប្រយោជន៍រួម ។ កិច្ចប្រជុំក៏បានស្វាគមន៍ ភាពជោគជ័យនៃ ការរៀបចំសន្និសីទភាគី ហត្ថលេខីនៃសន្ធិសញ្ញា TAC នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃ២៦ កក្កដា បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ អាស៊ាន និងវឌ្ឍនភាពក្នុង ការសម្រេចបាននូវអាទិភាព និងសមិទ្ធផលសំខាន់ៗ របស់អាស៊ានសម្រាប់ឆ្នាំ២០២៤ ស្របតាមមូលបទនៃភាពជាប្រធានអាស៊ានរបស់ឡាវ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដើម្បី ធានាថា អាស៊ាន នៅតែអាចឆ្លើយតប ទៅនឹងការផ្លាស់ប្តូរ និងត្រៀមខ្លួន ជាស្រេចសម្រាប់ពេលអនាគត ហើយនៅតែបន្តដើរតួនាទី ជាមជ្ឈមណ្ឌល នៃកំណើនសាកល ។ ក្នុងបរិបទនេះ កិច្ចប្រជុំក៏បានផ្តោត កិច្ចពិភាក្សាលើវិស័យនៃកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន ៖ អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពលនិងស្បៀង បរិវត្តកម្មឌីជីថល ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ក្នុងឱកាសនោះដែរឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្ត ក្នុងការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវចក្ខុវិស័យសហគមន៍ អាស៊ាន ឆ្នាំ២០២៥ ក្នុងគោលបំណង ពង្រឹងសហគមន៍អាស៊ាន ក៏ដូចជាមជ្ឈភាពនិងឯកភាពអាស៊ាន តាមរយៈការពង្រឹង កិច្ចសហប្រតិបត្តិការ ឆ្លងសសរស្តម្ភសហគមន៍ទាំង៣ ៕

To Top