ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា អ្នកដោះមីនទាំងអស់ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងយ៉ាងរឹងមាំ និងចាំបាច់បំផុត ព្រមទាំងដើរតួយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងវិស័យសកម្មភាពមីនរបស់កម្ពុជា រយៈពេលជាង ៣០ឆ្នាំកន្លងនេះ។
ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអនុញ្ញាតឲ្យ លោក Miles Hawthorn ប្រធានអង្គការ Halo Trust ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលស្វាគមន៍លោក Tobias Wehitt ត្រូវបានជ្រើសតាំងជាប្រធានអង្គការ Halo Trust ថ្មី ប្រចាំនៅកម្ពុជា នាថ្ងៃទី២៥ កក្កដា ។
ក្នុងជំនួបនោះ លោក Miles Hawthorn បានលើកឡើងថា រយៈពេលជាង ៣០ឆ្នាំនេះ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការ Halo Trust បានចូលរួមជាផ្នែកមួយនៃភាពជោគជ័យរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន ហើយទោះបីលោកបានបញ្ចប់បេសកកម្មនៅកម្ពុជាក៏ដោយ ប៉ុន្តែកម្ពុជា និងប្រជាជនកម្ពុជា តែងតែស្ថិតក្នុងបេះដូងរបស់គាត់ជានិច្ច។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ចំពោះការរួមចំណែករបស់អង្គការ Halo Trust នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១ ។ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៥១១ គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះដោយអង្គការ Halo Trust ហើយមីនប្រឆាំងមនុស្ស ៣២២ ០១៥ គ្រាប់ មីនប្រឆាំងរថក្រោះ ៥១១៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាម ២១៩៥៧១គ្រាប់ និងអាវុធធុនតូចជាង ១,៥ លានគ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល។
លោកទេសរដ្ឋមន្រ្តីបន្តថា លទ្ធផលសម្រេចបាន របស់អង្គការ Halo Trust បានមកពីការគាំទ្រពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ស្វីស អៀកឡង់ និងកម្មវិធី HDR&D ដែលជាដៃគូ ក្នុងចំណោមប្រទេស និងដៃគូអភិវឌ្ឍន៍ដទៃទៀត រួមចំណែកដល់កម្មវិធី សកម្មភាពមីន មនុស្សធម៌នៅកម្ពុជា រយៈពេលជាង ៣០ឆ្នាំ ។
លោកទេសរដ្ឋមន្រ្តីថា អ្នកដោះមីនទាំងអស់ បានអនុវត្តន៍ការងារទីវាលផ្ទាល់ និងប្រថុយប្រថានជីវិត ក្នុងការផ្តល់ដីសុវត្ថិភាព និងជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋកម្ពុជា ។ លោកថា «បងប្អូនអ្នកដោះមីនទាំងអស់ ត្រូវបានចាត់ទុក ជាឆ្អឹងខ្នងយ៉ាងរឹងមាំ និងចាំបាច់បំផុត ព្រមទាំងដើរតួយ៉ាងសំខាន់ ក្នុងការសម្រេចបាន នូវសមិទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងវិស័យសកម្មភាពមីន របស់កម្ពុជា រយៈពេលជាង ៣០ឆ្នាំកន្លងនេះ»៕