ព័ត៌មានជាតិ

ដំឡូងមីស្ងួតចំនួន ៣០ម៉ឺនតោន នឹងនាំទៅកាន់ប្រទេសចិន នៅពេលខាងមុខ

រូបភាពសមាគម

ភ្នំពេញ ៖ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ហៅកាត់ថា CCCAA និងក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co., Ltd. នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ នាំចេញដំឡូងមីស្ងួតចំនួន ៣០ម៉ឺនតោន ដើម្បីនាំចេញទៅកាន់ប្រទេសចិន នាពេលខាងមុខ ។ នេះបើតាមការផ្សព្វផ្សាយ របស់សមាគម ។

ប្រភពដដែលបន្តថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំចេញដំឡូងមីស្ងួត ចំនួន ៣០ម៉ឺនតោននេះ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានឱ្យដឹងថា តាមរយៈការសម្របសម្រួលរបស់សមាគម និងដោយទទួលបានការទុកចិត្តពីសំណាក់ក្រុមហ៊ុនធំៗ មកពីបណ្តាប្រទេសនានា ពិសេសក្រុមហ៊ុន និងសាជីវកម្មរបស់ប្រទេសចិន ដែលជាបន្តបន្ទាប់បានទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានអំពីចំណាប់អារម្មណ៍លើការវិនិយោគ និងទិញដំឡូងមីរបស់កម្ពុជា ។

ជាក់ស្តែងនាឱកាសនេះ ក្រុមហ៊ុន Yufan Grande Industrial Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ Jiangxi Youfan Bioenergy Co., Ltd. ជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន មានសមត្ថភាពផលិត អេតាណុលបាន ១០ម៉ឺនតោន ក្នុងមួយឆ្នាំ ជាមួយនឹងបរិមាណ នាំចូលដំឡូងមីស្ងួត សម្រាប់ផ្គត់ផ្គង់ ច្រវាក់ផលិតកម្មជាប្រចាំចំនួន ៣០ម៉ឺនតោន ក្នុងមួយឆ្នាំ បានសម្រេចចិត្តឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយសមាគមសម្ព័ន្ធ ដំឡូងមីកម្ពុជា-ចិន ក្នុងការជំរុញនាំចេញដំឡូងមីស្ងួត របស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងបរិមាណ ៣០ម៉ឺនតោន សម្រាប់រយៈពេល១ឆ្នាំដំបូង ។

ប្រភពដដែលបានលើកឡើងបន្ថែមថា ជាមួយនឹងកាលានុវត្តភាព និងទស្សនវិស័យច្បាស់លាស់ របស់សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ដែលជាសមាគម ប្រមូលផ្តុំនូវសមាជិក ជាច្រើនរួមមាន កសិករដាំដុះ ក៏ដូចជាគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធ ក្នុងវិស័យដំឡូងមី មានទាំងអ្នកប្រមូលទិញ ក្រុមហ៊ុនផ្នែក ដឹកជញ្ជូន ឈ្មួញ និង ធនធានជាច្រើនទម្រង់ផ្សេងទៀត ដែលសុទ្ធសឹងមានសមត្ថភាពពេញលេញ ក្នុងការផ្តល់ជូននូវជំនួយអាជីវកម្ម និងសេវាកម្មជំនួយ លក់ដទៃៗទៀតជាច្រើនក្នុងវិស័យនេះ ដែលអាចផ្តល់ នូវឧត្តមភាពថ្លៃដើមដល់គ្រប់ភាគីដែលប្រកបអាជីវកម្ម និងមានបំណងវិនិយោគ ក្នុងវិស័យដំឡូងមី នៅក្នុងប្រទេសកម្ពុជា ។

សមាជិកទាំងអស់របស់សមាគមនឹងប្រើប្រាស់ភាពខ្លាំង របស់ខ្លួនឱ្យបានជាអតិបរិមា តាមដែលអាចធ្វើទៅបាន ទៅលើគ្រប់ទិដ្ឋភាព នៃប្រតិបត្តិការអាជីវកម្ម ក្នុងវិស័យដំឡូងមីឱ្យដល់បណ្តាក្រុមហ៊ុន និងដៃគូសហការនានា ធានាជូននូវសេវាកម្មដ៏ល្អបំផុត ដែលនឹងអាចជួយដល់ឧស្សាហកម្មដំឡូងមីកម្ពុជា មានការអភិវឌ្ឍ រីកចម្រើនប្រកបដោយភាពរឹងមាំ និងចីរភាព ។

ប្រទេសចិន គឺជាអ្នកប្រើប្រាស់ដំឡូងមីកែច្នៃច្រើន ជាងគេលើពិភពលោក ជាមួយនឹងការនាំចូលប្រចាំឆ្នាំលើសពី ១០លានតោន (ស្ងួត) និងកើនឡើងឥតឈប់ឈរ ហើយត្រូវបានគេរំពឹងថានឹងកើនឡើង ដល់២០លានតោន(ស្ងួត) ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ឈរលើមូលដ្ឋាននេះ វាពិតជាមានភាពសារៈសំខាន់និង ចាំបាច់ណាស់ដែលត្រូវកែលម្អកម្រិតនៃការដាំដុះដំឡូងមីរបស់កសិករខ្មែរ អភិវឌ្ឍន៍ខ្សែច្រវាក់ តម្លៃកែច្នៃដំឡូងមី និងបើកទូលាយនូវបណ្តាញ ច្រកពាណិជ្ជកម្មដោយផ្ទាល់ រវាងកម្ពុជា-ចិន។
ដំឡូងមី គឺជាដំណាំដែលដើរតួដ៏សំខាន់ ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា ។ ដំឡូងមីក៏ជាដំណាំដែលមានសក្តានុពល សំខាន់ទី២ បន្ទាប់ពីស្រូវ ដែលមានផ្ទៃដីដាំដុះជាង១លានហិចតា និងបានផ្តល់ទិន្នផលប្រចាំឆ្នាំលើសពី២០លានតោន។ ការដាំដុះ ការប្រមូលផល ការកែច្នៃ និងការនាំចេញដំឡូងមី បានផ្តល់ការងារនិងគាំទ្រដល់ការរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនម៉ឺននាក់ ។
សូមបញ្ជាក់ផងដែរថា សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន គឺជាអង្គការ មិនរកប្រាក់ចំណេញ ហើយត្រូវបានចុះបញ្ជី ស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ហើយទើបបានប្រកាស បង្កើតជាផ្លូវការ កាលពីខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដោយទទួលបាននូវការ ចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់វិនិយោគិន នានាមកពីអន្តរជាតិ ពិសេសវិនិយោគិនចិន ដែលមានបំណងមកធ្វើពាណិជ្ជកម្ម នាំចេញ និងវិនិយោគលើវិស័យដំឡូងមី នៅប្រទេសកម្ពុជា ៕

To Top