ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រួយបារម្ភពីគោលការណ៍របស់ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ស្តីពីផែនការនុយក្លេអ៊ែររួមគ្នា

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន RIA Novosti របស់រុស្ស៊ី បានរាយការណ៍ឲ្យដឹងនៅថ្ងៃសៅរ៍នេះ ដោយបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលទើបតែបានប្រកាសថា រុស្ស៊ីព្រួយបារម្ភអំពីគោលការណ៍ណែនាំដែលបាន ប្រកាសនាពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ស្តីពីផែនការនុយក្លេអ៊ែររួមគ្នា។

លោក Lavrov បានថ្លែងថា “ទិដ្ឋភាពគួរឱ្យព្រួយបារម្ភមួយទៀតនោះគឺថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានបញ្ចប់កិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូងស្តីពីផែនការនុយក្លេអ៊ែររួមគ្នា” ។

លោក Lavrov បានថ្លែងទៀតថា រុស្ស៊ី មិនទាន់បានទទួលការពន្យល់អំពីគោលការណ៍ណែនាំនេះទេ ប៉ុន្តែ “យើងគ្មានការសង្ស័យអ្វីនោះទេថា វាបណ្តាលឱ្យមានការព្រួយបារម្ភថែមទៀតប៉ុណ្ណោះ” ។

យោងតាមសេតវិមានបានឱ្យដឹងថា មេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានអនុញ្ញាតលើគោលការណ៍
ណែនាំនៅថ្ងៃទី១១ ខែកក្កដា ដែល “ផ្តល់ការណែនាំដល់គោលនយោបាយសម្ព័ន្ធភាព និងអាជ្ញាធរយោធាក្នុងការរក្សា និងពង្រឹងគោលនយោបាយ និងជំហរទប់ស្កាត់នុយក្លេអ៊ែរដ៏គួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់”  ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top