បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែតក្នុងស្រុក Le Parisien បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប៉ូលីសប្រឆាំងភេរវកម្មបារាំង បានឃុំខ្លួនក្មេងអាយុ១៥ឆ្នាំ ពីបទគំរាមកំហែងដល់ប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ជនសង្ស័យដែលរស់នៅក្នុងសង្កាត់ Ivry-sur-Seine ភាគខាងត្បូងទីក្រុងប៉ារីស បានធ្វើការសរសេររៀបរាប់អំពី ការស្អប់ខ្ពើមនៅលើបណ្តាញសង្គម X នៅដើមសប្តាហ៍នេះ ដោយអំពាវនាវឱ្យមាន ការវាយប្រហារទៅលើប្រធានាធិបតីអ៊ីស្រាអែល។
ប្រតិបត្តិករក្រុមអ្នកជំនាញប្រឆាំងភេរវកម្ម បានចំណាយពេលជាច្រើនថ្ងៃ ដើម្បីស្វែងរកជនសង្ស័យ ហើយទីបំផុតបានតាមដានគាត់ទៅពីទីក្រុង Isere ដែលនៅក្បែរនឹងGrenoble ជាកន្លែងដែលគាត់កំពុងសម្រាកវិស្សមកាល ហើយក្នុងនោះយុវជនរូបនេះត្រូវបានចាប់ខ្លួនទៅឃុំឃាំង ហើយត្រូវបានគេរាយការណ៍ថា បានសារភាពរួចហើយថាបានធ្វើការគំរាមកំហែងនេះពិតមែន។
ដោយឡែកពីគ្នា អាជ្ញាធរបារាំងបានបើកការស៊ើបអង្កេត លើការគំរាមកំហែងសម្លាប់ ដែលត្រូវបានចោទប្រកាន់ថា បានទទួលដោយអត្តពលិកអ៊ីស្រាអែល យ៉ាងតិចបីនាក់ដែលចូលរួម ក្នុងកីឡាអូឡាំពិកទីក្រុងប៉ារីស នេះបើយោងតាមការបញ្ជាក់ដោយរដ្ឋអាជ្ញា ក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យ ៕
ប្រែសម្រួល៖ ស៊ុន លី