ព័ត៌មានជាតិ

មេទ័ពជើងគោកហ្វីលីពីន ប្ដេជ្ញាបន្តពង្រឹងប្រតិបត្តិការ ជាមួយកងទ័ពជើងគោកកម្ពុជា ឲ្យកាន់តែរឹងមាំ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន បានបង្ហាញសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ នៃកងទ័ពជើងគោកហ្វីលីពីន-កម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត។

ការប្តេជ្ញានេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃ២៩ កក្កដា ។

លោកឧត្តមសេនីយ៍ឯក Roy M. Galido បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន ប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសហ្វីលីពីន និងកម្ពុជា។

ជាមួយគ្នានេះ សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងការហ្វឹកហ្វឺនរួម ដែលបានរួមចំណែកកសាងសមត្ថភាព និងការយល់ដឹងពីគ្នាទៅវិញទៅមកបន្ថែមទៀត ក្នុងការត្រៀមខ្លួនឆ្លើយតប ចំពោះការគម្រាមកំហែងមិន ប្រពៃណីជាយថាហេតុ ។

សម្ដេចធិបតី និងលោកមេបញ្ជាការ កងទ័ពជើងគោក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈការបន្តការហ្វឹកហ្វឺនរួមគ្នា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការពង្រឹងសមត្ថភាព ការត្រៀមលក្ខណៈក្នុងការចូលរួមប្រតិបត្តិការ ជួយសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយ និងផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាការជំរុញ ឲ្យមាននូវកិច្ចសហប្រតិបត្តិការ រវាងអង្គភាព និងអង្គភាព នៃកងទ័ពជើងគោកប្រទេសទាំងពីរ នាពេលអនាគតផងដែរ៕

To Top