ព័ត៌មានជាតិ

អាមេរិក អង់គ្លេស អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត ប្រាប់ពលរដ្ឋខ្លួនកុំឱ្យធ្វើដំណើរទៅលីបង់ ជុំវិញសង្រ្គាមដ៏ខ្លាំងក្លា អាចនឹងកើតឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា

បរទេស៖ សមាជិកអង្គការណាតូជាច្រើន រួមទាំងសហរដ្ឋអាមេរិកផង បានចេញការព្រមានអំពីការធ្វើដំណើរទៅប្រទេសលីបង់ ដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសជាបន្ទាន់ នៅពេលប្រឈមមុខនឹងសង្រ្គាមដ៏ខ្លាំងក្លារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធគាំទ្រប៉ាឡេស្ទីន ក្រុមហេសបូឡា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាពតានតឹងបានកើនឡើងយ៉ាងឆាប់រហ័សកាលពីថ្ងៃសៅរ៍ នៅពេលដែលការវាយប្រហារដោយគ្រាប់រ៉ុក្កែតបានសម្លាប់កុមារចំនួន ១២នាក់នៅក្នុងតំបន់ Druze ទីក្រុង Majdan Shams ក្នុងតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា គ្រាប់រ៉ុក្កែតនោះ គឺជាគ្រាប់រ៉ុក្កែតប្រភេទ Falaq-1 ផលិតដោយអ៊ីរ៉ង់ ដែលបាញ់ដោយក្រុមហេសបូឡាហ៍ ពីភាគខាងត្បូងប្រទេសលីបង់។ យ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍ បានបដិសេធការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះ។

ស្ថានទូតអាមេរិកបានចេញផ្សាយការជូនដំណឹងអំពីការធ្វើដំណើរកាលពីថ្ងៃសៅរ៍ដោយជំរុញឱ្យជនជាតិអាមេរិក “ពិចារណាឡើងវិញឱ្យបានម៉ត់ចត់អំពីការធ្វើដំណើរទៅកាន់ប្រទេសលីបង់” ។ ស្ថានទូតបានបញ្ជាក់ថា៖ «បរិយាកាសសន្តិសុខនៅតែស្មុគស្មាញ ហើយអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័ស។

ការិយាល័យការបរទេសរបស់ចក្រភពអង់គ្លេសបានណែនាំ “ប្រឆាំងនឹងការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសលីបង់ដោយសារហានិភ័យទាក់ទងនឹងជម្លោះដែលកំពុងបន្ត” រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ ការព្រមានស្រដៀងគ្នានេះត្រូវបានចេញដោយប្រទេសបារាំង អាល្លឺម៉ង់ បែលហ្សិក ហូឡង់ ន័រវែស និងដាណឺម៉ាក ព្រមទាំងប្រទេសដែលមិនមែនជាអង្គការណាតូ ដូចជាអៀរឡង់ និងអូស្ត្រាលីផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top