ព័ត៌មានអន្តរជាតិ

Quad បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងនៅសមុទ្រចិនខាងកើត និងខាងត្បូង

Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា បានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើង របស់ពួកគេអំពីស្ថានភាព នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ដែលប្រទេសចិន បានអះអាងកាន់តែខ្លាំងឡើង ខណៈដែលពួកគេបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការរក្សានូវ បទបញ្ជាដែនសមុទ្រដែលផ្អែកលើច្បាប់ នៅឥណ្ឌូប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីនៃក្រុម Quad បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួម ក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតូក្យូថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង ហើយបញ្ជាក់ឡើងវិញ នូវការប្រឆាំងយ៉ាងខ្លាំងរបស់យើង ចំពោះសកម្មភាពឯកតោភាគីណាមួយ ដែលស្វែងរកការផ្លាស់ប្តូរស្ថានភាពដោយកម្លាំង ឬការបង្ខិតបង្ខំ”។

ចំពេលមានការប៉ះទង្គិចគ្នារវាងនាវាចិន និងហ្វីលីពីននៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ រដ្ឋមន្ត្រីក៏បានរាយបញ្ជីសកម្មភាព នៃការព្រួយបារម្ភជាពិសេសនៅក្នុងដែនទឹក ដូចជា “ការធ្វើយោធានៃលក្ខណៈជម្លោះ និងការបង្ខិតបង្ខំ និងការបំភិតបំភ័យ ក៏ដូចជាការកើនឡើងនៃការប្រើប្រាស់ ប្រភេទផ្សេងៗនៃយុទ្ធសាស្ត្រគ្រោះថ្នាក់”។

ដើម្បីរក្សាសណ្តាប់ធ្នាប់ដែនសមុទ្រដោយសេរី និងបើកចំហស្របតាមច្បាប់អន្តរជាតិ ប្រទេសទាំងបួនបានប្រកាសផែនការ ជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយប្រទេសនានាបង្កើនការយល់ដឹង អំពីដែនសមុទ្ររបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងព្យាករណ៍ពីគ្រោះមហន្តរាយធម្មជាតិ ហើយពួកគេក៏នឹងផ្តួចផ្តើមការសន្ទនា លើបញ្ហាដែនសមុទ្រតាមទស្សនៈផ្លូវច្បាប់ផងដែរ។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានសាទរចំពោះសារៈសំខាន់នៃបណ្តាប្រទេស ដែលមានគំនិតដូចគ្នា ដែលប្រមូលផ្តុំគ្នានៅពេលដែល “សណ្តាប់ធ្នាប់អន្តរជាតិកាន់តែ មានភាពមិនប្រាកដប្រជា ហើយកិច្ចការពិភពលោកកាន់តែ មិនអាចទាយទុកជាមុនបាន” ដោយប៉ះលើស្ថានភាពក្នុងដែនទឹកក្នុងតំបន់ ការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង និង សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top