ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន សរសើរអាជ្ញាធរ និងពលរដ្ឋ បានធ្វើឲ្យទីក្រុងស្អាត គ្មានថង់ប្លាស្ទិករាយប៉ាយតាមដងផ្លូវ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកសរសើរដល់អាជ្ញាធរគ្រប់ថ្នាក់ សិស្សានុ សិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរៀបចំអនាម័យបរិស្ថាន ទីប្រជុំជន និងទីក្រុងស្អាត គ្មានថង់សំរាមរាយប៉ាយតាមដងផ្លូវដូចពីពេលមុនទៀត។

លោករដ្ឋមន្រ្តី បានលើកឡើងពីការទុកដាក់សំរាម ការប្រែឥរិយាបទវិជ្ជមានចំពោះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើក បើកយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និង“កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅខេត្តក្រចេះ នៅថ្ងៃ៣០ កក្កដា។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឲ្យអស់ពីសហគមន៍ និងទន្លេដើម្បីភាពស្អាត និងបៃតងដោយចីរភាព ។ លោករដ្ឋមន្រ្តី ថ្លែងបន្តដោយភាពជឿជាក់បំផុតថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត ជាក់ស្តែងក្រសួងបានសម្រេចនូវជោគជ័យ នៃភាពស្អាតនេះមួយជំហានរួចទៅហើយ ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានចំនួនជិត ៨,៧លាននាក់ នៅលើប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ។

ជាមួយគ្នានេះ ការសម្អាតសម្រាម សំណល់ប្លាស្ទិកគឺជាបេសកកម្មរួមគ្នាទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាបន្តទៀត ចំពោះការចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប នឹងនាំនូវភាពស្អាតរបស់កម្ពុជា ដែលជាសម្រស់ដ៏ទាក់ទាញស្រូបទាញភ្ញៀវទេសចរណ៍ឲ្យចូលមកទស្សនាកម្ពុជាផងដែរ ។

លើសពីភាពស្អាត លោកបណ្ឌិត អ៊ាង សុផល្លែត ថាការដាំ ដើមឈើឲ្យបានច្រើន និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឲ្យមានការអភិវឌ្ឍដោយចីរភាព។

ជាមួយគ្នានេះ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសំដែងការគាំត្រយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាក់ចេញដើម្បីភាពស្អាត ភាពបៃតង និងឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព។ តាមរយៈកម្មវិធីនេះ លោកបានស្នើឲ្យមានការចែករំលែក និងការចូលរួមទាំងអស់គ្នា ទុកដាក់សំរាមឲ្យបានល្អ ដើម្បីជៀសវាងកុំឲ្យរាយប៉ាយ ហើយងាយស្រួលក្រុមការងារប្រមូលយកទុកឲ្យមានរបៀបរៀបរយផងដែរ ដើម្បីធ្វើឲ្យមូលដ្ឋាននិងសហគមន៍ស្អាត។ ជាមួយគ្នានេះ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ នឹងបន្តគាំទ្រចូលរួមយុទ្ធនាការដាក់ចេញដោយក្រសួងបរិស្ថាន សម្អាតអនាម័យ និងវិចខ្ចប់សម្រាម នៅទីតាំងរបស់ខ្លួន ដើម្បីសោភ័ណ្ឌភាពនិងអនាម័យបរិស្ថានស្អាតនៅពេលអនាគត៕

To Top