ព័ត៌មានអន្តរជាតិ

សម្ព័ន្ធអារ៉ាប់ និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ

នៅថ្ងៃទី៣០ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ បានជួបពិភាក្សាការងារជាមួយលោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ។

ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់ យ៉ាងស៊ីជម្រៅអំពីវិស័យដូចជាវប្បធម៌ កីឡានិងកិច្ចសហប្រតិបត្តិការ ផ្នែកប្រព័ន្ធសារព័ត៌មានជាដើម ហើយបានចុះហត្ថលេខាលើ អនុស្សរណៈសហប្រតិបតិ្តការ ។

ថ្លែងក្នុងកិច្ចជំនួប លោក Shen Haixiong បានលើកឡើងថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្ត របស់លោកប្រធានរដ្ឋចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសអារ៉ាប់ ទំនាក់ទំនងរវាងចិននិងអារ៉ាប់ នាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាល ដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។

ទំនុកចិត្តគ្នាខាងនយោបាយទៅវិញទៅមក រវាងចិននិងបណ្តាប្រទេសអារ៉ាប់ មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែងពោរពេញទៅដោយ កម្លាំងរស់រវើកនិងផុលផុស ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនមានភាពសម្បូរបែប ហើយកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា ។

អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រំពឹងទុកអាចចាត់ទុកកិច្ចសហប្រតិបត្តិការ លើកនេះជាឱកាសមួយ ដើម្បីធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធអារ៉ាប់ ក្នុងវិស័យដូចជាការរួមគ្នា យកបទសម្ភាសន៍និងផលិត កម្មវិធីព័ត៌មានអន្តរជាតិ ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍ ក្នុងវិស័យច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាជឿនលឿន និងរួមគ្នារៀបចំសកម្មភាពពាក់ព័ន្ធជាដើម ក្នុងន័យពន្លឿនការជំរុញការកសាង សហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ ៕

To Top