ព័ត៌មានជាតិ

ក្រសួងការងារ កោតសរសើរម្ចាស់រោងចក្រ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលអនុវត្តតាមច្បាប់ការងារ និងផ្តល់អត្ថប្រយោជន៍ច្រើនជូនកម្មករនិយោជិត

ភ្នំពេញ ៖ ​នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមើលស្ថានភាពការងារ និងជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត និងតំណាងនិយោជករោងចក្រ ចំនួន៣ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

រោងចក្រចំនួន៣ទីតាំងដែលថ្នាក់ដឹកនាំក្រសួងការងារចុះពិនិត្យមើលនេះ រួមមានរោងចក្រ FORTUNA INTERNATIONAL (CAMBODIA) INDUSTRY CO., LTD. ដឹកនាំដោយលោក ជួន មុំថុល រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រោងចក្រ XO TEX INDUSTRIAL CO., LTD. ដឹកនាំដោយ លោក ទេព ណាវី រដ្ឋលេខាធិការ, និងរោងចក្រ DEWHIRST (CAMBODIA) CO., LTD. ដឹកនាំដោយលោក វិត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ។

នៅក្នុងការចុះពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិតជាង ១ ១០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ FORTUNA INTERNATIONAL (CAMBODIA) INDUSTRY CO., LTD. ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លោក ជួន មុំថុល បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ទៅដល់ម្ចាស់រោងចក្រ ដែល គោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តស្តង់ដាការងារបានយ៉ាងល្អ ជាពិសេសថែមទាំង បានផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតទៀតផង។ 
លោក ក៏បានកោតសរសើរ ដល់ភាគីនិយោជក ភាគីកម្មករនិយោជិត និងសហជីពតំណាងកម្មករ ដែលធ្វើការងារជាមួយគ្នា និងដោះស្រាយបញ្ហារួមគ្នា បានយ៉ាងល្អដោយឈរលើស្មារតី Ç​សុខដុមរមនានៅកន្លែងការងារÈ។

ដោយឡែក ក្នុងការចុះជួបសំណេះសំណាលជាមួយតំណាងនិយោជក និងបងប្អូនកម្មករនិយោជិតប្រមាណ ៣ ៥០០នាក់ ដែលកំពុងបំពេញការងារនៅរោងចក្រ XO TEX INDUSTRIAL CO., LTD. ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លោក ទេព ណាវី បានមើលឃើញថា ទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិតជាមួយនិយោជកក្នុងរោងចក្រមានភាពល្អប្រសើរ ដោយឈរលើគោលការណ៍អត្ថប្រយោជន៍រួមជាធំ ខណៈដែលបងប្អូនកម្មករនិយោជិតបំពេញការងារយ៉ាងសកម្មក្នុងភាពសប្បាយរីករាយ ដោយសារចំនួននៃការបញ្ជាទិញសម្លៀកបំពាក់មានការកើនឡើងគួរឲ្យកត់សំគាល់។ តាមរយៈការដើរពិនិត្យមើលដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្មក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង កាតុង QC(ការពិនិត្យគុណភាព) ពេទ្យសង្គ្រោះ បន្ទប់បំបៅកូនជាដើមនោះ លោក មើលឃើញថាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសការងារក្នុងរោងចក្រមានស្តង់ដាល្អ ដោយបានគិតគូរចំពោះលំហូរខ្យល់ចេញចូលក្នុងអគារ ប្រព័ន្ធសុវត្ថិភាពការងារ និងសុខភាពរបស់កម្មករនិយោជិតផងដែរ។

ចំណែកក្នុងការចុះជួបសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រមាណ ២ ៥០០នាក់នៃរោងចក្រ DEWHIRST (CAMBODIA) CO., LTD. ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លោក​ វិត សុវណ្ណឧត្តម បានជួបពិភាក្សាការងារ ជាមួយតំណាងនាយករោងចក្រ ដើម្បីសាកសួរព័ត៌មាន មួយចំនួនទាក់ទងនឹងលក្ខខណ្ខការងារ និងអត្ថប្រយោជន៍ផ្សេងៗ ដែលភាគីរោងចក្រផ្តល់ ជូនបងប្អូនកម្មករនិយោជិត​ ។

លោក បានកត់សំគាល់ឃើញថា ម្ចាស់រោងចក្រ បានអនុវត្តលក្ខខណ្ឌការងារ បានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មនិយោជិតបានយ៉ាងល្អ ដូច ដែលច្បាប់ការងារបានកំណត់ផងដែរ ។​ ទន្ទឹមនេះ លោកបានលើកទឹកចិត្ត និងស្នើឱ្យម្ចាស់រោងចក្របន្តយកចិត្តទុកដាក់ លើសុវត្ថិភាពការងាររបស់កម្មករនិយោជិតទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ ឱ្យបានពេញលេញ តាមច្បាប់ការងារជូនដល់កម្មករ និយោជិតទាំងអស់ផងដែរ៕

To Top