ហ្គាហ្សា៖ ក្នុងរយៈពេល ២៤ម៉ោង កងកម្លាំងអ៊ីស្រាអែល ត្រូវបានចោទប្រកាន់ថា បានធ្វើឃាតមេបញ្ជាការកំពូលហេសបូឡា និងជាមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ ដែលចលនាទំនងជាបង្កើនអំពើហិង្សាក្នុងតំបន់ និងបង្កគ្រោះថ្នាក់ដល់ការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលកំពុងបន្ត។
នៅមុនពេលព្រឹកព្រលឹម មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ គឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ដែលនៅទីនោះនៅពេលដែលលោកចូលរួមពិធីសម្ពោធតំណែងប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់។ ទាំងអ៊ីរ៉ង់ និងក្រុមហាម៉ាស់ បានចាត់ទុកការវាយប្រហារនេះថា ជាការវាយប្រហាររបស់អ៊ីស្រាអែល ទោះបីជាមន្ត្រីអ៊ីស្រាអែល មិនទាន់បានបញ្ជាក់ពីការចូលរួមរបស់ពួកគេក៏ដោយ។
ប៉ុន្មានម៉ោងមុនការធ្វើឃាត កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសក្នុងទីក្រុង Beirut ដោយបានសម្លាប់លោក Fouad Shokor ដែលជាមេបញ្ជាការជាន់ខ្ពស់របស់ក្រុម ហេសបូឡា ក្នុងការសងសឹក ចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលបានសម្លាប់យុវជនចំនួន ១២នាក់នៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន។
បន្ទាប់ពីការព្រមានអំពីការសងសឹកយ៉ាងតឹងរ៉ឹងពីក្រុមហាម៉ាស់ ក្រុមហេសបូឡា និងអ៊ីរ៉ង់ អ៊ីស្រាអែល កំពុងត្រៀមខ្លួនសម្រាប់ថ្ងៃនៃការប្រយុទ្ធគ្នា នេះបើតាមមន្ត្រីរដ្ឋាភិបាលបានប្រាប់កាសែតស៊ីនហួ។
ប្រទេសនេះកំពុងបិទដែនអាកាសរបស់ខ្លួនពីភាគខាងជើងទៅកណ្តាលអ៊ីស្រាអែល ប៉ុន្តែក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានការផ្លាស់ប្តូរ ចំពោះគោលការណ៍ណែនាំការពាររបស់មេបញ្ចាការជួរមុខ សម្រាប់ជនស៊ីវិលនោះទេ។
ការសម្លាប់នេះអាចបង្កឱ្យមានការសងសឹកពីក្រុមហេសបូឡា និងសម្ព័ន្ធមិត្តអ៊ីរ៉ង់ ហើយអាចជំរុញឱ្យក្រុមហាម៉ាស់ ដកខ្លួនចេញពីការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលបន្ដមកជាច្រើនខែហើយនោះ។
ទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល ដែលដកស្រង់ប្រភពការទូតរបស់អ៊ីស្រាអែល ដែលពាក់ព័ន្ធនឹងការចរចាបានរាយការណ៍ថា លោក Haniyeh គឺជាតួអង្គសំខាន់ក្នុងកិច្ចចរចា ហើយការធ្វើឃាតរបស់លោក ត្រូវបានគេរំពឹងថា នឹងប៉ះពាល់យ៉ាងខ្លាំងដល់ការចរចាមួយនេះ៕
ប្រែសម្រួល ឈូក បូរ៉ា