ព័ត៌មានអន្តរជាតិ

ប្រទេសអ៊ីរ៉ង់ ប្រារព្ធពិធីបុណ្យសពឱ្យមេដឹកនាំ នយោបាយហាម៉ាស់ ខណៈអាមេរិកអំពាវនាវឱ្យមាន ភាពស្ងប់ស្ងាត់នៅមជ្ឈិមបូព៌ា

AFP

បរទេស៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ បានប្រារព្ធពិធីបុណ្យសពឱ្យមេដឹកនាំ នយោបាយហាម៉ាស់លោក Ismail Haniyeh ដែលត្រូវបានសម្លាប់នៅទីក្រុងតេអេរ៉ង់ ដោយបានបន្ថែមការភ័យខ្លាច នៃជម្លោះក្នុងតំបន់។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានចូលរួមពិធីបុណ្យសពនោះ រួមជាមួយប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ គឺលោក Masoud Pezeshkian ។

លោក Haniyeh ស្ថិតនៅក្នុងទីក្រុងតេហេរ៉ង់ សម្រាប់ការស្បថចូលកាន់តំណែងរបស់លោក Pezeshkian ហើយក្រុមហាម៉ាស បាននិយាយថា លោក Haniyeh នឹងត្រូវបញ្ចុះនៅថ្ងៃសុក្រ នៅប្រទេសកាតា ជាកន្លែងដែលគាត់មានមូលដ្ឋាននៅ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ លើការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកបានបំពេញ ទស្សនកិច្ចនៅម៉ុងហ្គោលី ប៉ុន្តែលោកបានអំពាវនាវ ឱ្យមានភាពស្ងប់ស្ងាត់នៅមជ្ឈិមបូព៌ា។

លោក Blinken បាននិយាយថា “ឥឡូវនេះ ផ្លូវដែលតំបន់កំពុងដើរ គឺឆ្ពោះទៅរកជម្លោះកាន់តែច្រើន អំពើហិង្សាកាន់តែច្រើន ការឈឺចាប់កាន់តែច្រើន អសន្តិសុខកាន់តែច្រើន ហើយវាសំខាន់ណាស់ដែលយើង បញ្ចប់បញ្ហាដែលអាចកើតឡើងទាំងនោះ ហើយនោះគឺវាចាប់ផ្តើមជាមួយនឹង បទឈប់បាញ់ដែលយើងបាននិងកំពុងដំណើរការ។ ខ្ញុំជឿថាមិនត្រឹមតែអាចសម្រេចបាននោះទេ វាត្រូវតែសម្រេចបាន” ។

ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានកាលពីថ្ងៃពុធថា ការធ្វើឃាតលោក Haniyeh និងការសម្លាប់របស់អ៊ីស្រាអែលលើ មេបញ្ជាការរបស់ក្រុមប្រដាប់អាវុធ ហេសបូឡា នៅទីក្រុង Beirut គឺ”តំណាងឱ្យការកើនឡើងដ៏គ្រោះថ្នាក់” នៃភាពតានតឹងនៅក្នុងតំបន់។

លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែល “កិច្ចខិតខំប្រឹងប្រែងទាំងអស់” គួរតែត្រូវបានផ្តោតលើការឈានដល់ បទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ជិត ១០ ខែនៅហ្គាហ្សា និងការបង្កើនជំនួយមនុស្សធម៌ដល់ ប្រជាជនប៉ាឡេស្ទីនដែលស្រេកឃ្លាន ជំនួសមកវិញ “អ្វីដែលយើងកំពុងឃើញគឺ ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បំផ្លាញ​គោល​ដៅ​ទាំង​នេះ»ទៅវិញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top