ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៦ ខែសីហា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។
និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតផ្នែកវិទ្យាសាស្រ្ត សុខាភិបាលចំនួន ៤០៣នាក់ (នារី២៧៥នាក់) និងនិស្សិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចំនួន ១៥៨នាក់ (នារី ៥៨នាក់)។
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជាគ្រឹះស្ថានឧត្តមសិក្សាមួយ ដែលបាននិងកំពុងរួមចំណែក បណ្តុះបណ្តាលធនធានមនុស្ស ដ៏មានសក្តានុពល។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក គ្រូ និង សាស្ដ្រាចារ្យខែ្មរ-បរទេស សរុបចំនួន ៤៧៧នាក់ (នារី១៨៤នាក់) ហើយនិស្សិតដែលកំពុងសិក្សាមានចំនួន ២,៧០៧ នាក់ (នារី ១,៦៧៦នាក់) ។ ចាប់ពីឆ្នាំសិក្សា ២០០៦-២០០៧ មកដល់ឆ្នាំសិក្សា ២០២៣-២០២៤ និស្សិតដែលបាន បញ្ចប់ការសិក្សា ដោយជោគជ័យមានចំនួន ៤,៦០៧នាក់ ( នារី ២,៦៥៧ នាក់ ) គិតទាំងនិស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រក្នុងថ្ងៃនេះ៕