ព័ត៌មានជាតិ

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ជួបពិភាក្សាការងារ ជាមួយ នាយកដ្ឋានវប្បធម៌ និងទេសចរណ៍ ខេត្តហីឡុងជាំង

ចិន៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ដឹកនាំដោយលោក សយ សុភាពនិងលោក លី សៅគ័ង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមអ្នកសារព័ត៌មានកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រីZhong Hua អនុប្រធាននាយកដ្ឋានវប្បធម៌ និងទេសចរណ៍ខេត្តហីឡុងជាំង (Heilongjiang) នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្ឋូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាប្រឈមនានា ដែលនាំឱ្យរាំងស្ទះដល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យវប្បធម៌និងទេសចរណ៍។

លោកស្រី Zhong Hua អនុប្រធាន នាយកដ្ឋានវប្បធម៌ និងទេសចរណ៍ខេត្តហីឡុងជាំងបានឱ្យដឹងថា ដោយសារកត្តាភូមិសាស្រ្ត នៃប្រទេសកម្ពុជានិងខេត្តហីឡុងជាំង មានចំងាយឆ្ងាយ ដែលតម្រូវឱ្យមានការសិក្សា ទៅលើគ្រប់ផ្នែកពាក់ព័ន្ធ។

លោកស្រី បន្តថាក្នុងអំឡុងខែកញ្ញា ខាងមុខ លោកស្រីនឹងទៅសិក្សាស្រាវជ្រាវ អំពីវប្បធម៍និងទេសចរណ៍នៅកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យបានកាន់តែទូលំទូលាយ។

ឆ្លៀតក្នុងជំនូបនេះ លោកស្រី ក៏បានពន្យល់ប្រាប់អំពីសក្ដានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តហីឡុងជាំង ជាពិសេសនៅក្រុងហាប៊ីន (Harbin) ។

ឆ្លងតាមរយៈការធ្វើដំណើរកំសាន្ត ក្នុងខេត្តជីលីននិងខេត្តហីឡុងជាំង លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ប្រទេសចិន ពិតជាមានតំបន់ទេសចរណ៍ច្រើន គួរឱ្យកត់សម្គាល់។

លោក សយ សុភាព បានលើកជាយោបល់ថា ភាគីចិន ជាពិសេសខេត្តហីឡុងជាំង គួររៀបចំធ្វើយ៉ាងណាឱ្យមានការផ្លាស់ប្ដូរទេសចរគ្នាទៅវិញទៅមក ឱ្យបានច្រើន ព្រោះកត្តាអាកាសធាតុ រវាងប្រទេសកម្ពុជា និងខេត្តហីឡុងជាំង មានភាពប្រទាក់ក្រឡាគ្នា។

លោកហើស សិរីធន់ ទីប្រឹក្សាជាន់ខ្ពស់ នៃសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ក៏បានចែករំលែកនូវបទពិសោធន៍ និងជំរុញឱ្យពិនិត្យលទ្ធភាព បង្កើតឱ្យមាន ជើងហោះហើរត្រង់ រវាងកម្ពុជានិងខេត្តហីឡុងជាំង ៕

To Top