ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវ​ឱ្យ​មានរក្សាភាព ស្ងប់ស្ងាត់ និង​ការអត់ធ្មត់​ ក្នុង​ប្រទេស​បង់ក្លាដែស

AFP

យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីការលាលែង ពីតំណែង របស់នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ និងការប្រកាសរបស់យោធាអំពីផែនការ បង្កើតរដ្ឋាភិបាល បណ្តោះអាសន្នមួយ។

លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការ “ជំរុញឱ្យមានការស្ងប់ស្ងាត់ និងការអត់ធ្មត់ ពីគ្រប់ភាគី ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរដោយសន្តិភាព សណ្តាប់ធ្នាប់ និងលទ្ធិប្រជាធិបតេយ្យ” ។

លោក Guterres “សម្តែងការសោកស្តាយ ចំពោះការបាត់បង់អាយុជីវិតបន្ថែមទៀត ក្នុងអំឡុងពេលការតវ៉ា នៅក្នុងប្រទេសបង់ក្លាដែសកាលពីចុងសប្តាហ៍” ហើយបន្តតាមដានយ៉ាងដិតដល់នូវការ អភិវឌ្ឍន៍នៅក្នុងប្រទេស រួមទាំងសេចក្តីប្រកាសរបស់អគ្គសេនាធិការ កងទ័ពទាក់ទងនឹងការលាលែង ពីតំណែងរបស់នាយករដ្ឋមន្ត្រី Sheikh Hasina និងផែនការ សម្រាប់ការបង្កើតរដ្ឋាភិបាល បណ្តោះអាសន្ន។ 

លោកបានឲ្យដឹងថា លោក Guterres ឈរនៅក្នុងសាមគ្គីភាពពេញ លេញជាមួយប្រជាជន បង់ក្លាដែស អំពាវនាវឱ្យមាន ការគោរព ពេញលេញនៃសិទ្ធិមនុស្សរបស់ពួកគេ ហើយបន្តបញ្ជាក់ពីតម្រូវការ សម្រាប់ការស៊ើបអង្កេត ពេញលេញ ឯករាជ្យ មិនលំអៀង និងតម្លាភាព ចំពោះអំពើហឹង្សាទាំងអស់។

យោងតាមមេបញ្ជាការកងទ័ពបង់ក្លាដែស បានលាលែង ពីតំណែងកាលពីថ្ងៃចន្ទ ចំពេលមានការតវ៉ា នៅក្នុងប្រទេស អាស៊ីខាងត្បូង ហើយរដ្ឋាភិបាលបណ្តោះអាសន្នមួយនឹងត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top