បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិន បានធ្វើតេស្ត និងល្បាតប្រយុទ្ធគ្រាប់ ពិតនៅត្រ់ងទីតាំង ជិតដែនទឹក មានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីសមយុទ្ធយោធានៅទីនោះដោយហ្វីលីពីន រួមជាមួយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បញ្ជាការទទួលបន្ទុកកិច្ចការងារនៅភាគខាងត្បូង នៃយោធាចិនបានប្រកាស កាលពីថ្ងៃពុធថា ខ្លួនបានអនុវត្តការល្បាត ប្រយុទ្ធតាមអាកាស និងសមុទ្រនៅជិត Scarborough Shoal ដើម្បីសាកល្បង សមត្ថភាពវាយប្រហាររបស់ខ្លួន ។
Scarborough Shoal ដែលត្រូវបានគេស្គាល់ថាជាកោះ Huangyan ក្នុងប្រទេសចិន និង Panatag Shoal ក្នុងប្រទេសហ្វីលីពីន ដែលត្រូវបានទាមទារ ដោយទីក្រុងប៉េកាំង និងទីក្រុងម៉ានីលដូចគ្នា ហើយវាមានចម្ងាយប្រហែល ២២០គីឡូម៉ែត្រ ឬត្រូវជា១២០ម៉ាយល៍ខាងលិចនៃកោះ Luzon របស់ហ្វីលីពីន។
គួរឲ្យដឹងដែរថា ការល្បាត ប្រយុទ្ធត្រូវបានគេរាយការណ៍ថា ត្រូវបានធ្វើឡើង ជាការឆ្លើយតប ទៅនឹងសមយុទ្ធយោធា នៅថ្ងៃតែមួយដែលធ្វើឡើង ដោយសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងហ្វីលីពីន៕
ប្រែសម្រួល៖ស៊ុនលី
