ក្រុមអ្នកស្រាវជ្រាវជនជាតិ អាមេរិកបានរកឃើញថា ស្ត្រីដែលអស់រដូវ មានគ្រោះថ្នាក់ខ្ពស់ ក្នុងការកើតជំងឺគាំងបេះដូង និងដាច់សសៃឈាម ខួរក្បាល ក៏ប៉ុន្តែ ប្រសិនបើពួកគេ បានទទួលទានផ្លែប៉ោម ២ផ្លែក្នុងមួយថ្ងៃ នោះពួកគេអាច កាត់បន្ថយជាតិ កូឡេស្តូរ៉ល នៅក្នុងរាងកាយបាន២៥ភាគរយ ។
យោងទៅតាមប្រភពពត៌មាន UPI.com បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅមហាវិទ្យាល័យនៃរដ្ឋហ្លរីដា បាននិយាយថាការសិក្សាបានពឹងផ្អែកទៅលើ ការពិនិត្យសុខភាពរបស់ស្ត្រីចំនួន ១៦០នាក់ដែលពួកគេទាំងនោះ ដល់អាយុអស់រដូវ ។ នៅក្នុងនោះផងដែរស្ត្រីចំនួន ៨០នាក់ត្រូវបានឲ្យទទួលទានផ្លែប៉ោមក្រៀមចំនួន ៧៥ក្រាម ស្មើនឹងផ្លែប៉ោមស្រស់ ២ផ្លែ ក្នុងមួយថ្ងៃ ចំណែកស្ត្រីចំនួន៨០នាក់ ទៀតបានទទួលទានផ្លែ prunes ដោយឲ្យស្មើនឹង បរិមាណផ្លែប៉ោមដែរ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បន្ទាប់មក អ្នកស្ម័គ្រចិត្តនីមួយៗ ត្រូវបានទៅធ្វើតេស្តឈាមរៀងរាល់៣ខែម្តង សំរាប់រយៈពេល១ឆ្នាំ ។
ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីរបបអាហារ និងអនាម័យ នៃអាហារ បានបង្ហាញឲ្យឃើញថា បន្ទាប់ពីរយៈពេល៣ខែ នៃការពិនិត្យកំរិត ជាតិកូឡេស្តូរ៉ល នៅក្នុងរាងកាយរបស់ក្រុមស្ត្រី ដែលបានទទួលទាន ផ្លែប៉ោមរួចមក ស្រ្តីទាំងនោះបានចុះជាតិកូឡេស្តូរ៉ល នៅក្នុងខ្លួនចំនួន ១៦ភាគរយ។
