ភ្នំពេញ ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋ បានបន្តដាំដើមត្នោត ជាបន្តបន្ទាប់ ចំនួន១០ ០០០ ដើម នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៧ សីហា ។

កូនត្នោតចំនួន១ម៉ឺនដើម ដែលកំពុងបានដាំជាបន្តបន្ទាប់នេះ ជាអំណោយ របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ យកទៅដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។
សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាមួយលោក ប៉ែន កុសល រួមទាំងអាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ បើកយុទ្ធនាការដាំកូនត្នោតចំនួន ១០ ០០០ ដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ កក្កដា។

នាឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ការដាំកូនត្នោត ចំនួន ១០ ០០០ដើម ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។
លោករដ្ឋមន្ដ្រីបន្ថែមថា ត្នោតគឺជាដើមរុក្ខាជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោត ពិតជាមានសារៈសំខាន់ ក្នុងការបំផុសស្មារតី របស់ពលរដ្ឋឲ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សាធនធានធម្មជាតិ ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់កម្ពុជា។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់កូនត្នោតចំនួន៣០ម៉ឺនដើម ដល់យុទ្ធនាការ «ពន្លកបៃតង» នៅឆ្នាំ២០២៤ នេះ នៅមុខក្រសួងបរិស្ថាន រាជធានីភ្នំពេញ និង តាមមន្ទីរបរិស្ថាន ទូទាំងប្រទេស ដែលបានចែកជូនកូនឈើសរុប១លាន ៣សែនដើម រួចមកហើយ ដល់ប្រជាពលរដ្ឋទៅ ដាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈ និងដាំស្តារព្រៃ នៅតាមសហគមន៍នានា ដើម្បីបង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចទស្សនវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕
