ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល ប្តេជ្ញាថា នឹងកម្ចាត់មេដឹកនាំថ្មីរបស់ក្រុមហាម៉ាស់ ខណៈសង្គ្រាមនៅតំបន់ ហ្គាហ្សា ឈានចូលដល់ ១១ខែហើយ

យេរ៉ុយសាឡឹម៖  ប្រទេសអ៊ីស្រាអ៊ែល បានប្តេជ្ញាថា នឹងកម្ចាត់មេដឹកនំាថ្មីរបស់ក្រុមហាម៉ាស់ គឺលោក Yahya Sinwar ដែលជាមេខ្លោងនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលត្រូវបានក្រុមនេះធ្វើការតែងតាំងកាលពីពេលថ្មីៗនេះ ដោយបានបង្កើនភាពតានតឹងនៅក្នុងតំបន់ ខណៈដែលសង្រ្គាមនៅតំបន់ហ្គាហ្សា បានឈានចូលដល់ខែទី១១ ហើយ គិតត្រឹមថ្ងៃពុធ។

ការតែងតាំងលោក Sinwar ដើម្បីដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានធ្វើឡើងនៅគ្រាដែលអ៊ីស្រាអ៊ែល បានត្រៀមលក្ខណៈសម្រាប់ធ្វើការសងសឹកអ៊ីរ៉ង់ ដែលមានសក្តានុពលលើការសម្លាប់អ្នកស្នងតំណែងមុនរបស់គាត់ គឺលោក Ismail Haniyeh កាលពីសប្តាហ៍មុននៅទីក្រុង តេហរ៉ង់។

ថ្លែងនៅឯមូលដ្ឋានយោធាមួយកាលពីថ្ងៃពុធ លោក ប៊េនហ្សាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងយ៉ាងដូច្នេះថា ប្រទេសអ៊ីស្រាអែល “បានប្តេជ្ញាចិត្ត” ដើម្បីការពារខ្លួន។

លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅដល់អ្នកដែលត្រូវបានជ្រើសរើសថ្មីនោះថា “យើងបានរៀបចំរួចហើយ ទាំងការការពារ និងការវាយលុក” ។

ឧត្តមសេនីយឯក Herzi Halevi ប្រមុខកងទ័ពអ៊ីស្រាអ៊ែល បានប្តេជ្ញាថា នឹង “ស្វែងរកលោក Sinwarហើយធ្វើការវាយប្រហារលើគាត់” និងបង្ខំឲ្យក្រុមហាម៉ាសឱ្យស្វែងរកមេដឹកនាំផ្សេងទៀត។

គេបានដឹងថា លោក Sinwar ជាមេដឹកនាំក្រុមហាម៉ាស់ នៅហ្គាហ្សា ចាប់តាំងពីឆ្នាំ២០១៧ មិនត្រូវបានគេឃើញរូបគាត់ឡើយ គិតចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលជាការនោះបានសម្លាប់មនុស្សអស់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអ៊ែល៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top