ព័ត៌មានអន្តរជាតិ

សណ្តាប់ធ្នាប់សាធារណៈ មានស្ថេរភាព នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីកុបកម្មជាច្រើនថ្ងៃ ប៉ុន្តែអាចនឹង ផលប៉ះពាល់រយៈពេលវែង

CFP

ឡុងដ៍៖ អាជ្ញាធរបានឲ្យដឹងថា សណ្តាប់ធ្នាប់សាធារណៈក្នុងចក្រភពអង់គ្លេស មានស្ថេរភាពឡើងវិញ បន្ទាប់ពីមានការតវ៉ាពីស្តាំនិយមដ៏ហឹង្សាជាច្រើនថ្ងៃ ប៉ុន្តែ​ពួក​គេ​បាន​ព្រមាន​ថា ឥទ្ធិពល​នៃ​ភាព​ចលាចល​ នឹង​ត្រូវ​ទទួល​បាន​រយៈពេល​រាប់​ខែ និង​រាប់​ឆ្នាំ។

លោក BJ Harrington ប្រធានក្រុមប្រឹក្សាអគ្គស្នងការ នគរបាលជាតិ (NPCC) បានឲ្យដឹងសម្រាប់សណ្តាប់ធ្នាប់សាធារណៈថា “ស្ថានភាពនៅក្នុងប្រទេស អង់គ្លេស ស្កុតឡេន និងវេលស៍ មានស្ថិរភាពខ្លះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ” ។

ទោះជាយ៉ាងណាក៏ដោយលោក Harrington បានព្រមានថាអៀរឡង់ខាងជើងនៅតែប្រឈមមុខនឹង “បញ្ហាប្រឈមសំខាន់ៗ” ។  មន្ត្រីប៉ូលិស ១០នាក់បានរងរបួសដោយសារការបំផ្ទុះដបសាំងអំឡុងពេលមានជម្លោះហិង្សានៅប្រទេសអៀរឡង់ខាងជើង កាលពីរសៀលថ្ងៃសៅរ៍។

ការតវ៉ាពីស្តាំនិយមបានធ្វើឱ្យកក្រើកប្រទេសចាប់តាំងពីចុងខែកក្កដា ដែលបង្កឡើងដោយការវាយប្រហារដោយកាំបិតនៅ Southport ភាគពាយព្យនៃប្រទេសអង់គ្លេស ដែលបានបណ្តាលឲ្យកុមារ បីនាក់ស្លាប់។  កុបកម្ម​បាន​នាំ​ឱ្យ​មាន​របួស​ក្នុង​ចំណោម​មន្ត្រី​ប៉ូលិស ការ​លួច​យក​ទ្រព្យសម្បត្ដិក្នុងហាងមួយចំនួន និង​ការ​វាយ​ប្រហារ​លើ​សណ្ឋាគារ​លំនៅឋាន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោនជាដើម។

អាជ្ញាធរជឿថា ចំណុចរបត់មួយបានលេចឡើងកាលពីថ្ងៃពុធ ដោយសារវត្តមានប៉ូលិសដ៏ច្រើននៅក្នុងទីក្រុង និងទីប្រជុំជន និងចំណាត់ការរបស់តុលាការយ៉ាងឆាប់រហ័សប្រឆាំងនឹងក្រុមកុប្បកម្ម។

ប៉ូលីសចក្រភពអង់គ្លេស បានត្រៀមលក្ខណៈសម្រាប់ការត្រលប់មកវិញនៃកុបកម្ម ដែលអាចធ្វើទៅបាននៅចុងសប្តាហ៍នេះ ដោយសារការចាប់ផ្តើមនៃរដូវកាលបាល់ទាត់ថ្មី និងសីតុណ្ហភាពកើនឡើង ប៉ុន្តែ​វា​បាន​ប្រែ​ក្លាយ​ទៅ​ជា​មាន​សន្តិវិធី លើក​លែង​តែ​ការ​តវ៉ា​ខាង​ស្តាំ​ជ្រុល​តូច​ៗ​ដែលផ្ដាច់ខ្លួនមួយ​ចំនួន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top