ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ប្រាប់ពលរដ្ឋ កុំជឿ ក្រុមប្រឆាំង ដែលចង់ឱ្យប្រទេសជាតិខ្ទេចខ្ទាំ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រាប់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស កុំជឿ កុំលង់ តាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលចង់ឲ្យប្រទេសជាតិខ្ទេចខ្ទាំ។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត បន្ទាប់ពីនាពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសជាតិ។

នាឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពី ការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈសង្គម នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងឲ្យដឹងថា កម្ពុជា ទើបមានសន្ដិភាពក្នុងរយៈពេល ២៥ឆ្នាំមកនេះទេ ហើយបានកសាងនូវសមិទ្ធផលនានាធំៗជាច្រើន។ នាយឧត្តមសេនីយ៍ចោទសួរថា តើអស់លោកបានមើលឃើញទេ?

នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា «ដូច្នេះកុំជឿ កុំលង់ ទៅលើពួកមួយក្ដាប់តូច ដែលចង់ឲ្យប្រទេសខ្ទេចខ្ទាំ ដែលចង់កម្ចាត់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ដោយឆន្ទៈរាស្ដ្រ ឲ្យគេចុះចេញ ហើយខ្លួនឯងឡើងមកគ្រប់គ្រងអំណាច ដោយខុសពីគន្លងប្រជាធិបតេយ្យ»។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ខ្លាំងៗថា «យើងខ្ញុំ កម្លាំងនគរបាលជាតិទាំងមូល មិនអាចទទួលយកបានទេ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ដូច្នេះត្រូវបញ្ឈប់ជាបន្ទាន់ ក្នុងការចូលរួមណាមួយ ដែលវាមិនត្រឹមត្រូវតាមផ្លូវច្បាប់» ។

ក្នុងនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានអំពាវនាវដល់ឪពុក-ម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗគឺសូមធ្វើការអប់រំណែនាំ ទៅដល់កូនចៅរបស់ខ្លួន ឲ្យចាកចេញឆ្ងាយពីក្រុមនេះ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ចូលរួមការគាំទ្រក្នុងការដឹកនាំ ក៏ដូចជា ការអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះថា «យើងជាអ្នកបន្តវេន ដូច្នេះយើងត្រូវគិតពិចារណា ឲ្យបានម៉ត់ចត់»៕

To Top