ភ្នំពេញ ៖ នៅសាលប្រជុំ នៃទីស្តីការក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សា ជាមួយក្រសួងរ៉ែ និងថាមពល ក្នុងគោលបំណង ដើម្បីពង្រឹងនូវទំនាក់ទំនង រវាងក្រសួងទាំងពីរ ឱ្យកាន់តែមានភាពជិតស្និទ្ធ ក៏ដូចជាសម្រួល ដល់កិច្ចសហការឱ្យកាន់តែរលូន និងទទួលបានផ្លែផ្កា ជាទីមោទនៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
សូមជម្រាបថា កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រក្សា និងមន្ត្រីបច្ចេកទេស នៃក្រសួងទាំងពីរជាច្រើននាក់។
លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើរបៀបវារៈចំនួន ៣គឺ ១)ការប្រើប្រាស់ធនធានទឹក សម្រាប់ផលិត ថាមពលអគ្គិសនី ២)សុវត្ថិភាពទំនប់វារីអគ្គិសនី និង ៣)កិច្ចសហការលើការ គ្រប់គ្រងទឹកជំនន់ និងកាត់បន្ថយគ្រោះរាំងស្ងួត ។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ក្រសួងទាំងពីរ ក៏នឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងទឹក សម្រាប់បម្រើដល់វិស័យ វារីអគ្គិសនី វិស័យទឹកស្អាត និងការស្រោចស្រពដំណាំកសិកម្មផងដែរ ៕