ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង និងព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
តាមរយៈសារបញ្ជាក់ជូនជនរួមជាតិ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា «ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយក្នុងនោះ ក៏មានអ្នកយកសារសំឡេងខ្ញុំទៅបម្លែង និងផ្សព្វផ្សាយខុសពីការពិតថា ខ្ញុំជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់របស់ពួកគេ»។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា នេះជាអំពើទុច្ចរិតថ្មីមួយទៀត ដែលពួកគេបន្តប្រព្រឹត្តដោយមិនអៀនខ្មាស់ និងដោយគ្មានគិតពីសេចក្ដីសុខរបស់ប្រជាជនជាង១៧លាននាក់នៅមាតុប្រទេស។
ទន្ទឹមនឹងច្រានចោលព័ត៌មានក្លែងក្លាយដូចបានបញ្ជាក់មកនេះ លោកឧបនាយករដ្ឋមន្ដ្រី សូមផ្ញើសារដាស់តឿនទៅកាន់ជនរួមជាតិមួយចំនួនតូច ដែលកំពុងងប់ជ្រុលខ្លួនលុះដោយមនោគមវិជ្ជាបំផ្លាញជាតិ សូមមានការភ្ញាក់រលឹក និងដកខ្លួនចេញជាបន្ទាន់ ពីក្រុមអគតិមួយក្ដាប់តូចដែលកំពុងអុចអាលបងប្អូនពីក្រៅប្រទេស ដែលទីបំផុតគឺបងប្អូនទៅវិញទេ ដែលជាអ្នកប្រឈមនឹងចំណាត់ការច្បាប់ ប្រសិនបើជ្រុលខ្លួនប្រព្រឹត្តតាមការបំពងសំឡេងរបស់ជនទាំងនោះ។
លោកឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា «ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ រួមទាំងរូបខ្ញុំ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺពួកយើងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាព»។
លោកឧបនាយករដ្ឋមន្ដ្រី ថា «យើងគ្មានជម្រើសអ្វី ក្រៅពីការអនុវត្តច្បាប់ ដោយស្រាវជ្រាវ ចាប់ខ្លួន និងបញ្ជូនរាល់ជនល្មើស ទៅកាន់ស្ថាប័នតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ»៕