ហ្គាហ្សា៖ កងពលតូច al-Qassam Brigades ដែលជាស្លាបប្រដាប់ អាវុធរបស់ហាម៉ាស់បានឲ្យដឹងថា សកម្មប្រយុទ្ធ ហាម៉ាស់ បានសម្លាប់ចំណាប់ខ្មាំងអ៊ីស្រាអែល ម្នាក់នៅតំបន់ហ្គាហ្សាស្ទ្រីបភ្លាមៗ បន្ទាប់ពីលោកបានលឺថា កូនពីរនាក់របស់លោកត្រូវ បានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យ al-Qassam Brigades លោក Abu Obaida បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្មាំបានធ្វើសកម្មភាពក្នុងលក្ខណៈ សងសឹក ផ្ទុយនឹងការណែនាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ឧបទ្ទវហេតុនេះ មិនតំណាងឱ្យក្រមសីលធម៌ និងការបង្រៀនសាសនា របស់យើងក្នុងការដោះស្រាយជាមួយអ្នកទោសនោះទេ” ដោយបន្ថែមថា កងពលតូចខាងលើនេះ បានប្តេជ្ញាថា នឹងមានភាពរឹងមាំបន្ថែមទៀតជាមួយនឹងការណែនាំទាក់ទងនឹងការរក្សាចំណាប់ខ្មាំង។
ជាការឆ្លើយតប កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា រូបភាពដែលបាន បោះពុម្ពផ្សាយ ដោយក្រុមហាម៉ាស់ បង្ហាញពីចំណាប់ខ្មាំងម្នាក់ ដែលត្រូវបានសម្លាប់ ហើយសាកសព របស់ពួកគេត្រូវ បានគេរកឃើញរួចហើយ នៅក្នុងប្រតិបត្តិការរួមគ្នា មួយកាលពីខែវិច្ឆិកា។
កងពលតូច Al-Qassam បានរាយការណ៍ករណី ស្រដៀងគ្នានេះកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេល ដែលចំណាប់ខ្មាំង អ៊ីស្រាអែល ម្នាក់ត្រូវបានសម្លាប់ និង ពីរនាក់ផ្សេងទៀត បានរងរបួសដោយពួក សកម្មប្រយុទ្ធរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា