ព័ត៌មានជាតិ

ក្រសួង ផ្តល់ការអប់រំ ពហុភាសា ដើម្បីឲ្យជនជាតិដើមភាគតិច អាចទទួលបានការអប់រំ មានគុណភាព

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា ក្រសួងបានផ្តល់ការអប់រំពហុភាសា ដើម្បីធានាយ៉ាងណា ឲ្យជនជាតិដើមភាគតិច អាចទទួលបានការអប់រំ ដែលមានគុណភាព។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសដឹកនាំក្រុមការងារចុះទស្សនកិច្ចនៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងភូមិអភិវឌ្ឍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាព ជូនដល់សិស្សានុសិស្ស ក៏ដូចជាអភិវឌ្ឍន៍សាលារៀនឲ្យមានសោភ័ណ្ឌភាពស្រស់បំព្រង លទ្ធភាពសិក្សា របស់សិស្សល្អប្រសើរ និងបានជាប់ជាសាលារៀនគំរូ នាឆ្នាំកន្លងទៅ។

ឧបនាយករដ្ឋមន្ត្រីលើកឡើង ពីខេត្តចំនួន៤ គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ដែលក្រសួងបានផ្តល់ ជូននូវការអប់រំពហុភាសា ដើម្បីធានាយ៉ាងណាឲ្យជនជាតិដើមភាគតិច អាចទទួលបានការអប់រំ ដែលមានគុណភាព ក៏ដូចជាពង្រីកសេវាអប់រំពហុភាសាប្រកបដោយសមធម៌ បរិយាបន្ន និងមាននិរន្តរភាពដល់ជនជាតិដើមភាគតិច ដោយផ្សារភ្ជាប់នឹងភាសាកំណើត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិច និងលើកកម្ពស់ការចូលរួម របស់សហគមន៍ជនជាតិដើមភាគតិច ក៏ដូចជាកិច្ចសហប្រតិបត្តិការ គ្រប់ភាគីពាក់ព័ន្ធ។

ជាមួយនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងគាំទ្រលើការប្តេជ្ញាចិត្ត របស់គណៈគ្រប់គ្រង និងអ្នកពាក់ព័ន្ធ ទាំងអស់ ក្នុងការប្រែក្លាយវិទ្យាល័យនេះ ឲ្យទៅជាសាលារៀនជំនាន់ថ្មីនាពេលអនាគត ដែលការជាប់ជាសាលារៀន ជំនាន់ថ្មីនេះ នឹងទទួលបានការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំបន្ទប់រៀនតាមមុខវិជ្ជា បណ្ណាល័យសតវត្សរ៍ទី២១ ការផ្តល់ឱកាសជូនគ្រូបង្រៀន ក្នុងការទទួលបានការបំប៉នលើវិធីសាស្រ្តបង្រៀនថ្មីៗ ផ្តល់ឱកាសដល់សិស្សានុសិស្ស ក្នុងការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការរៀន ការកែលម្អបន្ទប់ពិសោធន៍ ជាពិសេស ប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រក្នុងការរៀន និងបង្រៀន។

គួរបញ្ជាក់ដែរថា ការចូលជាសាលារៀនជំនាន់ថ្មី នឹងត្រូវអនុវត្តវិធីសាស្រ្តបង្រៀនថ្មី ជួយសិស្សានុសិស្សឲ្យចេះរៀន មានគោលដៅច្បាស់លាស់ ការប្រើប្រាស់បច្ចេកវិទ្យា និង ភាសាបរទេស ក្នុងការរៀននិងបង្រៀន មានឱកាសបង្កើត ជាក្លិបសិក្សា ស្វ័យភាពក្នុងការរៀនសូត្រទៅតាមចំណង់ចំណូលចិត្តរបស់សិស្សរៀងៗខ្លួន ក៏ដូចជាត្រៀមខ្លួនរួចរាល់ សម្រាប់ថ្នាក់ឧត្តមសិក្សា និងឱកាសសម្រាប់ សិស្សានុសិស្ស ក្នុងការទទួលបាន អាហារូបករណ៍ផ្សេងៗ៕

To Top