គែរ៖ ប្រទេសអេហ្ស៊ីប បានជំរុញឱ្យភាគីទាំងអស់ ចូលរួមក្នុងការចរចា បទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅទីក្រុងដូហារបស់ប្រទេសកាតា ដើម្បី “ស្វែងរករូបមន្តឯកភាព សម្រាប់ការឈានដល់បទឈប់បាញ់ជាបន្ទាន់” ។
មន្ត្រីជាន់ខ្ពស់អេហ្ស៊ីប ដែលបានឲ្យដឹងដោយមិនបញ្ចេញឈ្មោះ បានប្រាប់ទូរទស្សន៍ Al-Qahera News TV របស់អេហ្ស៊ីបថា “គណៈប្រតិភូអេហ្ស៊ីប នៅក្នុងប្រទេសកាតា បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់ការចាប់ផ្តើមបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា” ។
មន្ត្រីនោះបានឲ្យដឹងថា ប្រទេសអេហ្ស៊ីប បានបន្តការអំពាវនាវឲ្យភាគីទាំងអស់ ឈានដល់បទឈប់បាញ់ភ្លាមៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទីក្រុងគែរ ដូហា និងវ៉ាស៊ីនតោន បានសម្រុះសម្រួលបទឈប់បាញ់ រយៈពេលមួយសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានបញ្ចប់នៅចុង ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរួមមានការផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីន និងចំណាប់ខ្មាំងអ៊ីស្រាអែល និងការបង្កើនជំនួយមនុស្សធម៌ដល់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលជាបន្តបន្ទាប់ សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ មិនទទួលបានផ្លែផ្កានោះទេ។
កិច្ចប្រជុំនៅប្រទេសកាតា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គ្រោងនឹងធ្វើឡើងបន្ទាប់ពីការអញ្ជើញពីអ្នកសម្របសម្រួលទាំងបី ដើម្បីបន្តការចរចាឡើងវិញ នៅថ្ងៃទី១៤ ឬ ១៥ខែសីហា នៅទីក្រុងគែរ ឬទីក្រុងដូហា ។ កិច្ចពិភាក្សានេះមានគោលបំណង ដោះស្រាយបញ្ហាលេចធ្លោ និងដោះស្រាយស្ថានភាព មនុស្សធម៌ នៅតំបន់ហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អេហ្ស៊ីបដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអនុញ្ញាតឱ្យគណៈប្រតិភូអ៊ីស្រាអែល ចូលរួមកិច្ចពិភាក្សានៅទីក្រុងដូហា ។ ទន្ទឹមនឹងនេះ មន្ត្រីហាម៉ាស់បានប្រកាសថា ក្រុមនេះនឹងមិនចូលរួមក្នុងការចរចាបទឈប់បាញ់នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា