ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីសោកស្ដាយ និងបានជូនដំណឹងថា មានសត្វផ្សោតជំទង់ ១ក្បាល បានស្លាប់ត្រង់ចំណុចក្បាល កោះព្រហ្មចារី ក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយជាប់នឹងមងនេសាទ ក្រឡា១៥សង់ទីម៉ែត្រ។
ផ្សោតដែលស្លាប់នេះ មានលេខកូដសម្គាល់១៣៩ ភេទញី ប្រវែង២,១០ម៉ែត្រ ទម្ងន់១០៨គីឡូក្រាម អាយុប្រមាណពី ៨ទៅ១០ឆ្នាំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការស្លាប់របស់សត្វផ្សោតជំទង់នេះ ជាការបាត់បង់រតនសម្បត្តិធម្មជាតិ ដ៏មានតម្លៃរបស់កម្ពុជា និងពិភពលោក។
ទន្ទឹមនេះ ក្រសួងបានអំពាវនាវ ដល់បងប្អូនប្រជានេសាទ ត្រូវបញ្ឈប់ការប្រើឧបករណ៍ នេសាទមងក្នុងតំបន់ផ្សោត រស់នៅនិងឧបករណ៍ឆក់ជា បន្ទាន់ និងសូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើ ឧបករណ៍ឆក់ត្រីនិងមងក្នុងតំបន់ផ្សោតរស់នៅ តាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ /០១២ ៨៩៧ ៩៤៣៕