ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ក្រសួងបាននិងកំពុង ធ្វើការពន្លឿនដោះស្រាយ សំណុំរឿងដែលនៅសេសសល់ ជាប់គាំងជាច្រើន ដើម្បីចូលរួមចំណែក កាត់បន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិដៅការងារបន្ត របស់ក្រសួងយុត្តិធម៌នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ លោក ជិន ម៉ាលីន បានថ្លែងថា ”ការពន្លឿនសុំណុំរឿង នៅតាមតុលាការ វាចូលរួមដោះស្រាយ ភាពចង្អៀតណែន នៃអ្នកជាប់ឃុំក្នុងពន្ធនាគារទៀត”។
លោកបញ្ជាក់ថា ក្នុង១ឆ្នាំៗ គឺមានសំណុំរឿង ដែលនៅសេសសល់ ជាប់គាំង ដោះស្រាយមិនទាន់រួច ប្រមាណ១ម៉ឺនករណី ដែលភាគច្រើន សុទ្ធតែជារឿងគ្រឿងញៀន។
លោកបន្ថែមថា “សុំណុំរឿង ដែលកកស្ទះច្រើនជាងគេបំផុត គឺនៅភ្នំពេញ បើសិនដោះបានសំណុំរឿងកកស្ទះ នៅតុលាការក្រុងភ្នំពេញ គឺហាក់បីជាដោះបានទូទាំងប្រទេស។ ព្រោះសំណុំរឿងភាគច្រើន បុកមកនៅ នៅកន្លែងហ្នឹង ហើយជាតួលេខ ដែលយើងទទួលបានហ្នឹងគឺថា ក្នុង១ឆ្នាំៗសមត្ថភាព របស់តុលាការយើង នៅក្រុងភ្នំពេញ គឺអាចដោះស្រាយបាន ប្រហែលជាបាន១ម៉ឺនសំណុំរឿង ដោះស្រាយប្រមូលអស់ហើយ ធនធានមនុស្ស ប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ អនុវត្តន៍នីតិវិធី ដោយពន្លឿនដំណើរការ ល្បឿននីតីវិធីប្រឹងអស់ហើយ ដោះស្រាយប្រហែលបាន១ម៉ឺនសំណុំរឿង ក្នុង១ឆ្នាំ។ ក៏ប៉ុន្តែកុំភ្លេចថាសុំណុំរឿង ដែលចូលថ្មី មកក៏ប្រហែលជា ១ម៉ឺនសំណុំរឿងដែរខ្ទង់ប៉ុណ្នឹង”។
លោកបញ្ជាក់ថា “បានន័យថា សំណុំរឿងដែលគាត់ដោះ នៅក្នុងឆ្នាំនេះ១ម៉ឺនសំណុំរឿង ហើយ១ម៉ឺនសំណុំរឿងទៀត ចូលថ្មី នៅឆ្នាំនេះ វានឹងក្លាយទៅជាសំណុំរឿងចាស់ ដែលត្រូវដោះស្រាយនៅឆ្នាំក្រោយ។ ក្នុង១ឆ្នាំៗកកស្ទះ១ម៉ឺនសំណុំរឿង”។ លោកបន្ថែមថា ក្នុង១ម៉ឺនសំណុំរឿង ដែលកំពុងជាប់គាំងនេះ ៧០ភាគរយ គឺទាក់ទងជាមួយករណីគ្រឿងញៀន។ ក្នុងឱកាសនោះ លោកបញ្ជាក់ថា ក្រសួងកំពុងពិចារណា បង្កើតតុលាការចល័ត នៅតាម រាជធានី-ខេត្ត ដើម្បីកាន់តែងាយស្រួល បំរើសេវាជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានបង្កើតសាលាឧទ្ធរណ៍ តំបន់ចំនួនបី ដើម្បីបំរើសេវា ជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ឡើងមកភ្នំពេញក៏បាន។ ឧទ្ធរណ៍តំបន់ទាំងបីនោះរួមមាន៖ ឧទ្ធរណ៍តំបន់នៅខេត្តត្បូងឃ្មុំ បាត់ដំបងនិងខេត្តព្រះសីហនុ។
លោកបន្ថែមថា “យើងបានឃើញរួចមកហើយ ឧទ្ធរណ៍តំបន់បី ដែលនឹងដាក់ឲ្យដំណើរការ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ គឺឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ឧទ្ធរណ៍តំបន់បាត់ដំបង និងឧទ្ធរណ៍តំបន់ព្រះសីហនុ។ រយៈពេលប៉ុន្មានខែកន្លងមកនេះ គឺក្រសួងបានធ្វើការងារច្រើន ក្នុងការរៀបចំ ទាំងធនធានមនុស្ស ទាំងធនធានហិរញ្ញវត្ថុ ទាំងធនធានសម្ភារៈគ្រប់បែបយ៉ាង ដើម្បីធានាថា ឧទ្ធរណ៍តំបន់នេះ គឺអាចការបានដោយយ៉ាងពេញលេញ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះតទៅ”។
អ្នកនាំពាក្យបន្ថែមទៀតថា មកដល់ពេលនេះ ក្រសួងបានធ្វើការតែងតាំង ចៅក្រម ព្រះរាជអាជ្ញា ប្រធានតុលាការ មួយចំនួនរួចហើយ ដើម្បីធ្វើការបំពេញការងារ នៅឧទ្ធរណ៍ទាំងបីនោះ តាមផ្នែករៀងៗខ្លួនផងដែរ។ លោកបន្តថា ក្រសួងនឹងធ្វើការជ្រើសរើសតែងតាំង ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាប្រធានតុលារ ជាបន្តបន្ទាប់ទៀត ទៅតាមតម្រូវការចាំបាច់ជាក់ស្ដែង។
លោកសង្កត់ធ្ងន់ថា ការបង្កើតឧទ្ធរណ៍តំបន់គឺ ជាការអនុវត្តន៍នូវកម្មវិធី កំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ក្នុងគោលដៅបី រួមមាន៖ទី១ គឺការបង្ខិតសេវាយុត្តិធម៌ឲ្យទៅកៀកប្រជាពលរដ្ឋ ទី២គឺការធានា នូវសិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋ និងទី៣គឺដើម្បីដោះស្រាយ នូវភាពកកស្ទះសំណុំរឿងនៅតុលាការ ក៏ដូចជាការកកស្ទះនូវចំនួនអ្នកជាប់ឃុំ នៅក្នុងពន្ធនាគារផងដែរ។
លោកបន្តថា ការបង្ខិតសេវា យុត្តិធម៌ទៅកៀកប្រជាពលរដ្ឋ បានន័យថា ប្រជាពលរដ្ឋមិនចាំបាច់ឡើង មកឧទ្ធរណ៍ភ្នំពេញ ដូចកាលពីមុនឡើយ បើពួកគេត្រូវការធ្វើបណ្ដឹង ទាក់ទងជាមួយឧទ្ធរណ៍ ពួកគេអាចទៅរកសេវា ឧទ្ធរណ៍នៅក្នុងតំបន់របស់ពួកគេ ដែលមានស្រាប់នោះបាន។
ទាក់ទងជាមួយការផ្ដល់មេធាវី ការពារក្ដីជូនដល់ជនក្រីក្រដោយឥតគិតថ្លៃវិញ លោកបញ្ជាក់ថា ការចាត់តាំងមេធាវី ការពារក្ដីដល់ជនក្រីក្រ គឺគណៈមេធាវី ជាអ្នកចាត់តាំង ប៉ុន្តែការបង់លុយថវិកា ទៅឲ្យក្រុមមេធាវីទាំងអស់ គឺក្រសួងយុត្តិធម៌ជា អ្នកគ្រប់គ្រង ដោយ១ឆ្នាំចំណាយជាង១ពាន់លានរៀល។
លោកបន្ថែមថា “ការចាត់តាំងមេធាវី ការពារក្ដីជូនជនក្រីក្រ គឺគណៈមេធាវី ជាអ្នកចាត់តាំង ក៏ប៉ុន្តែក្នុងការបង់លុយ ថវិកាទៅឲ្យមេធាវី ទាំងអស់នោះ ក្រសួងយុត្តិធម៌ជាអ្នកគ្រប់គ្រង បានន័យថាថវិកាជាថវិកា របស់ក្រសួង ក្រសួងគ្រប់គ្រងថវិកា ក្រសួងផ្ដល់ទីតាំងការិយាល័យ នៅតាមសាលាដំបូងគ្រប់សាលាដំបូង រាជធានី-ខេត្តនិងគ្រប់ជាន់ថ្នាក់ ឯគណៈមេធាវី ជាអ្នកចាត់តាំងមេធាវី ហើយថវិកានេះ យើងឃើញថា មានការកើនឡើង ជារៀងរាល់ឆ្នាំ នៅឆ្នាំ២០១៩ គឺថវិកានេះមានចំនួន ១២០០លានរៀល ហើយនៅឆ្នាំ២០២០នេះ គឺថវិកានេះកើនឡើង រហូតដល់១៦០០លានរៀល។ ថវិកានេះ មានការកើនឡើងជាលំដាប់ ការកើនឡើងនេះ គឺទៅតាមអត្រាកំណើន នៃសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែទោះយ៉ាងណា ក៏វានៅតែមិនទាន់គ្រប់គ្រាន់ទេ”។
លោកបន្ថែមទៀថា ទាក់ទងជាមួយបញ្ហានេះដែរ មានមេធាវីខ្លះ ចូលរួមដោយស្ម័គ្រចិត្ត តែមានមេធាវីខ្លះទៀត ចូលរួមដែរ តែយកកម្រៃបន្តិចបន្តួច ដោយដោះស្រាយសំណុំរឿង ក្រសួងឲ្យ១០០ដុល្លារ ដោយមិនគិតពីរយៈពេល នៃការដោះស្រាយ គឺធ្វើយ៉ាងណាដោះស្រាយ ឲ្យចប់ចុងចប់ដើម បើធៀបសេវា ដែលពួកគេធ្វើការនៅខាងក្រៅ គឺខុសគ្នាឆ្ងាយ ។
ជាមួយគ្នានេះដែរ លោកបញ្ជាក់ថា មកដល់ពេលនេះ មានអ្នកទោស ចំនួន៣៩៩នាក់ ស្នើសុំលើកលែងទោស ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕ ដោយ៖ធី លីថូ