ព័ត៌មានជាតិ

លោក ឃួង ស្រេង ណែនាំកងកម្លាំងចុះបាញ់ថ្នាំ សម្លាប់មូសជូនពលរដ្ឋ នៅតំបន់មានហានិភ័យខ្ពស់

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងមកពី កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលមានតួនាទីបាញ់ថ្នាំសម្លាប់មូស ត្រូវបាញ់នៅតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានរាជធានីភ្នំពេញ។

ការណែនាំរបស់លោក ឃួង ស្រេង បែបនេះ ធ្វើឡើងនារសៀលថ្ងៃទី១៧សីហានេះ ក្នុងពិធីបេីក យុទ្ធនាការបាញ់ថ្នាំ សម្លាប់មូស តាមខណ្ឌ សង្កាត់ ភូមិ និងសហគមន៍ ក្នុងរាជធានី ភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនេះ លោក ឃួង ស្រេង បានផ្ញើរសារជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំអស់ ឱ្យជឿជាក់លើរាជរដ្ឋាភិបាល ដោយអាជ្ញាធរ និងកងកម្លាំងបានយកអស់កម្លាំងកាយចិត្ត ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅពេលនេះ កម្លាំងមួយចំនួនធំ កំពុងការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ ហើយកម្លាំងរបស់មួយចំនួនទៀត បានយកមកប្រើប្រាស់ ក្នុងការបង្ការនិងទប់ស្កាត់ជម្ងឺគ្រុនឈាម ទៅតាមការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា។

លោកអភិបាល បានណែនាំដល់កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបាញ់ថ្នាំសម្លាប់មូសនេះ អោយបានគ្រប់ទីកន្លែង នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញពិសេសនៅតំបន់ ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ។

លោក លើកឡើងទៀតថា ការងារបាញ់ថ្នាំសម្លាប់មូសនេះមើលទៅតូចទេ តែវាបានផ្តល់ផលប្រយោជន៍ច្រើន សំរាប់ប្រជាពលរដ្ឋ ពោលគឺបាញ់ថ្នាំសម្លាប់មូស អាចបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម បើយើងមិនបានបង្ការទប់ស្កាត់ទេ វានឹងធ្វើអោយក្មេងមានជម្ងឺគ្រុនឈាម កាលណាកើតមានជម្ងឺគ្រុនឈាមលើកូនរបស់ខ្លួនហើយ យើងត្រូវខាតបង់ពេលវេលា ក្នុងការមើលថែកូនផង និងត្រូវខាតបង់លុយកាក់ថែមទៀត។

ក្នុងនោះដែរលោកវេជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សំរាប់ថ្ងៃដំបូងនៃយុទ្ធនាការ បាញ់ ថ្នាំ សម្លាប់ មូសនេះ ក្រុមការងារបានបែងចែកជាក្រុមចុះបាញ់នៅ ក្នុងមូលដ្ឋានខណ្ឌចំនួន៧ រួមមាន៖ ខណ្ឌមានជ័យ ,ខណ្ឌសែន សុខ ,ខណ្ឌពោធិសែនជ័យ ,ខណ្ឌឬស្សីកែវ , ខណទួលគោក ,ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ៕

To Top