ពោធិ៍សាត់ ៖ តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដែលជាខេត្តមួយ នៅភាគខាងលិច នៃប្រទេសកម្ពុជា ។ តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហៅផ្លូវនេះថា ជាផ្លូវអន្ទង់អាំង អមទៅដោយសម្រស់ខៀវខ្ចី នៃព្រៃព្រឹក្សាធម្មជាតិ នារដូវវស្សា ។
នៅក្នុងឱកាសជួបសំណេះណាលជាមួយអ្នកសារព័ត៍មាន ដឹកនំាដោយក្លឹបអ្នកការសែតកម្ពុជា (ក.អ.ក)នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២៤ លោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ បានប្រកាសអភិវឌ្ឍន៍ ដាំកូនឈើ និងដើមផ្គា អមសងខាងផ្លូវឡើងភ្នំ១៥០០ ផ្លូវអន្ទុងអាំង ឲ្យមានភាពស្រស់ បំព្រងឡើងវិញ ក្រោយដោះស្រាយគោលនយោបាយជូនពលរដ្ឋដែលនៅសះសល់ជាង២០ភាគរយទៀត មិនព្រមចាកចេញពីតំបន់អភិវឌ្ឍន៍ នៅត្រឹមចុងខែសីហានេះ ។
លោក អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា លោកនិងប្រើពេល៣ដំណាក់កាល ទី១លោកនឹងចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ ទី២ ជូនដំណឹងឱ្យពលរដ្ឋផ្លាស់ប្ដូរទីតាំង និងសម្រេចចិត្ដដោយខ្លួនឯង ទី៣ ទុកពេលឱ្យពួកគាត់រុះរើចេញដោយខ្លួនឯងនៅត្រឹមចុងខែសីហានេះ។
លោកបានបញ្ជាក់ថា តំបន់អន្ទង់អាំងនេះ គឺជារបស់ជាតិ ហើយពលរដ្ឋមករស់ដោយខុសច្បាប់ ទើបរដ្ឋបាលខេត្ដស្នើសុំគោលការណ៍ពីរាជរដ្ឋាបាល ដើម្បីផ្លាស់ប្ដូរឱ្យប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍ មានផ្លូវ ទឹក ភ្លើង សាលារៀន និងផ្សារជាដើម។ លោកបានបញ្ជាក់ទៀតថា ការផ្លាស់ប្ដូរឱ្យប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍ គឺផ្ដល់ដីកម្មសិទ្ធិ និងទទួលបានសំណងផងដែរ៕