ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ដាក់ពង្រាយទ័ពបម្រុងជាង ១០,០០០នាក់ ទៅកាន់តំបន់សមរភូមិប្រយុទ្ធនៅ Kursk

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការលុកលុយចូលទៅក្នុងតំបន់ Kursk ក្នុងប្រទេសរុស្ស៊ីបានបង្ខំឱ្យអ៊ុយក្រែនដាក់កម្លាំងបម្រុងដែលក្រុងគៀវបាននឹងកំពុងរៀបចំដោយមានការគាំទ្រពីលោកខាងលិចសម្រាប់ប្រតិបត្តិការនៅចុងឆ្នាំនេះ និងនៅឆ្នាំ២០២៥។

យោងតាមកាសែតបានឱ្យដឹងថាទាហាន ៦,០០០នាក់ ត្រូវបានគេរាយការណ៍ថាបានបញ្ជូនទៅកាន់តំបន់ Kursk ហើយកងទ័ពបន្ថែមរហូតដល់ ៤,០០០នាក់ ទៀតត្រូវបានដាក់ពង្រាយនៅក្នុងតួនាទីគាំទ្រនៅក្នុងតំបន់ Sumy របស់អ៊ុយក្រែនដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។

ការលុកលុយចូលទៅក្នុងតំបន់ Kursk ត្រូវបានធ្វើឡើងដោយកងកម្លាំងយោធាអ៊ុយក្រែនកាលពីថ្ងៃទី៦ ខែសីហា ដែលជាការវាយលុកដ៏ធំបំផុតលើទឹកដីរុស្ស៊ីចាប់តាំងពីការផ្ទុះឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៃជម្លោះរវាងរដ្ឋជិតខាង។

គួរឲ្យដឹងដែរថាកាលពីដើមសប្តាហ៍នេះ ឧត្តមសេនីយ Apty Alaudinov មេបញ្ជាការកងកម្លាំងពិសេស មកពីសាធារណរដ្ឋChechenរបស់រុស្ស៊ី បាននិយាយថា អ៊ុយក្រែនបានដាក់ពង្រាយទាហានប្រហែល ១១,០០០នាក់ ដើម្បីធ្វើការវាយប្រហាររបស់ខ្លួនហើយរដ្ឋាភិបាលក្រុងគៀវជឿជាក់ថានឹងអាចជោគជ័យក្នុងរយៈពេល ៥ថ្ងៃដោយការដណ្តើមយកថាមពលនុយក្លេអ៊ែរ Kurskឲ្យបាន។

ទោះបីជាយ៉ាងណាក្តីកាសែត New York Times បានរាយការណ៍កាលពីថ្ងៃសុក្រថា អ៊ុយក្រែនសង្ឃឹមថា ការវាយលុកឆ្លងព្រំដែនដ៏ធំនឹងជំរុញឱ្យទីក្រុងមូស្គូកាត់បន្ថយការវាយប្រហារនៅកន្លែងផ្សេងទៀតនៅលើសមរភូមិ ប៉ុន្តែកងកម្លាំងរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានរុលចូលទៅដល់ទីតាំងPokrovsk ដែលជាមជ្ឈមណ្ឌលផ្លូវ និងផ្លូវដែកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ពួកសកម្មប្រយុទ្ធអ៊ុយក្រែននៅ Donbass ៕

ប្រែសម្រួល៖ ស៊ុនលី

To Top