ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថ្មីទី៣១ និងក្មេងបំផុតរបស់ថៃ សន្យាថា នឹងបំពេញកាតព្វកិច្ចឱ្យអស់ពីសមត្ថភាព បង្ហាញភក្តីភាពចំពោះស្ថាប័នព្រះមហាក្សត្រ

បរទេស៖ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានទទួលការយល់ព្រមជាផ្លូវការពីព្រះមហាក្សត្រ ព្រះអង្គ Maha Vajiralongkorn ដើម្បីក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសថៃហើយ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្តល់សច្ចាប័នរបស់រាជវង្សដល់លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានធ្វើឡើងនៅក្នុងពិធីប្រពៃណីមួយនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីលោកស្រីបានឈ្នះការបោះឆ្នោតសភាកាលពីថ្ងៃសុក្រដោយសំឡេងភាគច្រើនជិតពីរភាគបី។ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលមានវ័យ ៣៧ឆ្នាំ​ រូបនេះ​ត្រូវបាន​ជ្រើសរើស​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​នេះ​បាន​ ដកតំណែងលោក សេដ្ឋា ថាវីស៊ីន ពីនាយករដ្ឋមន្រ្តី ក្នុង​សំណុំរឿង​បំពាន​ក្រមសីលធម៌។

នៅក្នុងពិធីនៅថ្ងៃអាទិត្យ លោកស្រី ផែតងតាន បាននិយាយថា លោកស្រី ក្រុមគ្រួសារ និងគណបក្សភឿថៃ សូមថ្លែងអំណរព្រះគុណយ៉ាងក្រៃលែងចំពោះការតែងតាំងរបស់ព្រះមហាក្សត្រ ដែលបាននាំមកនូវកិត្តិយស និងមោទនភាពបំផុតសម្រាប់ជីវិតរបស់លោកស្រី។

លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានសន្យាថា នឹងបំពេញកាតព្វកិច្ចឱ្យអស់ពីសមត្ថភាព បង្ហាញភក្តីភាពចំពោះស្ថាប័នព្រះមហាក្សត្រ និងធ្វើសកម្មភាពដោយស្មោះត្រង់ ដើម្បីផលប្រយោជន៍សាធារណៈ និងប្រទេសជាតិ។

លោកស្រី បានមានប្រសាសន៍ថា ក្នុងរយៈពេលបីឆ្នាំទៀតនៃអាណត្តិសភា លោកស្រីក្នុងនាមជាប្រធានប្រតិបត្តិ នឹងសហការជាមួយស្ថាប័ននីតិប្បញ្ញត្តិដោយបើកចិត្តទូលាយ ដើម្បីអភិវឌ្ឍប្រទេសជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

To Top