ព័ត៌មានជាតិ

កម្លាំងល្បាតចល័ត នៃគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ២ក្រុមធំៗនៅតែបន្តល្បាត ទោះបីក្រុមបាតុករជ្រុល និយមទទួលបរាជ័យ

ភ្នំពេញ ៖ បើទោះបីគម្រោង នៃការធ្វើបាតុកម្ម ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ របស់ក្រុមអគតិនិង ពួកជ្រុលនិយម លើហេតុផលប្រឆាំង នឹងកិច្ចសហប្រតិបត្តិការ តំបន់អភិវឌ្ឍន៍ ត្រីកោណ CLV នាថ្ងៃទី១៨ សីហា ទទួលភាពបរាជ័យ យ៉ាងណាក្តី ប៉ុន្តែដើម្បីរក្សាបាននៅសន្តិសុខ សុវត្ថិភាព​ គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៨សីហា បានចាត់ចែងកម្លាំង មានសមត្ថកិច្ច ជាទ្រង់ទ្រាយធំចំនួន២ក្រុម ដើម្បីបន្តតាមដានសភាព ការណ៍ដដែល ។

គួរឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ សីហា លោក ឃួង ស្រេង បានចុះពិនិត្យលើកទឹកចិត្ត ដល់កងកម្លាំងប្រចាំ​ នៅតាមគោល ដៅ ក្នុងរាជធានីភ្នំពេញ ជាមួយនឹងការជំរុញឲ្យកងកម្លាំង និងអាជ្ញាធរខណ្ឌ បន្តយកចិត្តទុកដាក់បន្ថែមទៀត លើការពង្រឹងសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់ជូនពលរដ្ឋ បើទោះបីទណ្ឌិត សម រង្ស៊ី បន្តបរាជ័យក្នុងផែនការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបំផុសយុវជន ឲ្យងើបបះបោរប្រឆាំងCLV ៕

To Top