ព័ត៌មានជាតិ

សង្គមកម្ពុជា​ ទាំងមូលគាំទ្រ ការអនុវត្តច្បាប់ ចំពោះក្រុមជ្រុលនិយម ដើម្បីរក្សាសុខ សន្តិភាពស្ថិរភាព សម្រាប់មនុស្ស ១៧លាននាក់

ភ្នំពេញ ៖ សង្គមកម្ពុជា ទាំងមូលបានគាំទ្រ ចំពោះការអនុវត្តច្បាប់ របស់អាជ្ញាធរមានសមត្ថកិច្ច ចំពោះក្រុមជ្រុលនិយម ដែលមានបំណង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ចង់ឱ្យប្រទេសជាតិចលាចល វឹកវរ និង ធ្លាក់ក្នុងភាពអន្តរាយ ។
ការគាំទ្រ ការអនុវត្តច្បាប់នេះ ធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស៣១នាក់ ដែលពាក់ព័ន្ធនឹងផែនការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការអនុវត្តច្បាប់ នៅក្នុងប្រទេសនីមួយៗ គឺជារឿង សមហេតុផលចាំបាច់ ដែលត្រូវតែធ្វើ ព្រោះនៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ដែលមិនមានច្បាប់ ដើម្បីគ្រប់គ្រងនោះទេ ហើយការអនុវត្តច្បាប់ នោះ ត្រូវតែមានភាពត្រឹមត្រូវ បម្រើដល់ការការពារសន្តិភាព សន្តិសុខ យុត្តិធម៌ សណ្តាប់ធ្នាប់ និង របៀបរៀបរយក្នុងសង្គម ។

លោកថ្លែងថា ៖ «ខ្ញុំគាំទ្រឱ្យមានការអនុវត្តច្បាប់ឱ្យត្រឹមត្រូវ គាំទ្រឱ្យរក្សាសន្តិភាពសណ្តាប់ធ្នាប់ របៀបរៀបរយ ស្ថេរភាពក្នុងសង្គមព្រោះថា បើសិនជាយើង មិនអនុវត្តច្បាប់ទេ ជនខិលខូច ជនឆ្លៀតឱកាស អាចនឹងយកលេសអីផ្សេងៗ ធ្វើឱ្យសង្គមយើងច្របូកច្របល់ ដែលធ្វើឱ្យសង្គមយើងឈាន ទៅបែកបាក់ទៅមានសង្គ្រាមស៊ីវិល ដូចដែលយើងធ្លាប់ឆ្លងកាត់មក មិនមែនជារឿងល្អទេ» ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ក៏ដូចជាអ្នកតាមដាន ហេតុការណ៍សង្គមម្នាក់ផងនោះ លោកបណ្ឌិតថា ការគាំទ្រ ឱ្យមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ គឺដើម្បីឱ្យអ្នកពាក់ព័ន្ធ អស់លេស គ្មានហេតុផល ដើម្បីទៅចោទប្រកាន់លើអាជ្ញាធរ និងរាជរដ្ឋាភិបាលថា ប្រើអំពើហិង្សាផ្តាច់ការ ឬក៏មិនមានភាព ច្បាស់លាស់ ក្នុងការដាក់ទោសទណ្ឌនោះ។

ចំណែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគាំទ្រ ចំពោះការអនុវត្តច្បាប់ និងអំពាវនាវ ដល់រាជរដ្ឋាភិបាលទប់ស្កាត់ឱ្យបាន ម៉ឺងម៉ាត់បន្ថែមទៀត ធ្វើយ៉ាងណារក្សាឱ្យបាននូវស្ថេរភាព សណ្តាប់ធ្នាប់សង្គម ជាពិសេសរក្សា ឱ្យបាននូវការងារកម្មករនិយោជិត ព្រោះទម្រាំមានរោងចក្រសហគ្រាសកន្លែងការងារដ៏ច្រើនជូនកម្មករនិយោជិត ដូចសព្វថ្ងៃនេះ មិនមែនជាការងាយទេ ។

លោកថ្លែងថា ៖ «រាជរដ្ឋាភិបាលស្របច្បាប់គឺ មានសិទ្ធិគ្រប់យ៉ាងក្នុងការរក្សា នូវសុខសុវត្ថិភាពក្នុងការ រក្សានូវសណ្តាប់ធ្នាប់សាធារណៈ ដើម្បីចៀសវាការបង្កលក្ខណៈណាមួយ ដែលកើតឡើងជាយថាហេតុ ឬជាការរៀបចំទុកជាមុន របស់ក្រុមជ្រុលនិយម ដែលតែងតែបង្ក នូវភាពអសន្តិសុខសង្គម បង្កចលាចល» ។

រីឯ លោក ហ៊ុយ សម្បត្តិ ប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបពួកឧទ្ទាមក្រៅស្រុក ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ការចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងផែនការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ។

លោកបញ្ជាក់ថា ៖ «ក្នុងនាមប្រជាពលរដ្ឋក្នុងស្រុកក៏ដូចជាកម្មករនិយោជិតគាំទ្រចំណាត់ការផ្លូវច្បាប់ គាំទ្ររដ្ឋាភិបាល១០០ភាគរយ ក្នុងការបង្ក្រាប និងទប់ស្កាត់ពួកឧទ្ទាមក្រៅស្រុក ពួកឧទ្ទាមក្រៅច្បាប់ ដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា ។ ពួកយើងខ្ញុំទាំងអស់គ្នាជាកម្មករនិយោជិត ជាប្រជាពលរដ្ឋក្នុងស្រុកខ្មែរ អបអរសប្បាយរីករាយណាស់ ឃើញចំណាត់ការកណ្តាប់ដៃដែក ធ្វើឱ្យមានស្ថេរភាពការងារ ធ្វើឱ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ» ។

កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរមានសត្ថកិច្ចបានឃាត់ខ្លួន មនុស្ស៣១នាក់ ពាក់ព័ន្ធផែនការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ អ្នកទាំងនោះកំពុងស្ថិតក្នុងការគ្រប់គ្រង របស់សមត្ថកិច្ច និងកំពុង រៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

To Top