ព្រឹកថ្ងៃទី ១៩ ខែសីហា នៅវិមានសភា ប្រជាជនចិន លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានជួបសំណេះសំណាល ជាមួយលោកស្រី Ngo Thi Phuong Ly ភរិយា របស់លោក Tô Lâm អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុនីស្តវៀតណាម និងប្រធានរដ្ឋវៀតណាម ដែលអមដំណើរលោក Tô Lâm បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។
លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសទាំងពីរចិន និងវៀតណាម មានវប្បធម៌ប្រហាក់ ប្រហែលគ្នា ទាំងផ្នែកអក្សរសាស្ត្រ សិល្បៈនិងម្ហូបអាហារជាដើម រំពឹងទុកថាភាគីទាំងពីរអាចបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការ ធ្វើការស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ ក្នុងន័យជំរុញការអភិវឌ្ឍបុព្វហេតុមេត្រីភាព រវាងចិននិងវៀតណាម ។ ប្រទេសវៀតណាម ទទួលបានសមិទ្ធផល ដ៏សំខាន់លើវិស័យអភិវឌ្ឍកិច្ចការនារី ក្នុងនោះបូករួមទាំងការអប់រំ របស់កុមារីនិងស្រ្តី ភាគីយើងទាំងពីរអាចបង្កើន ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាក្នុងវិស័យនេះ ។ ភាគីយើងទាំងពីរ គួរតែលើកទឹកចិត្ត ដល់យុវជន នៃប្រទេសយើងទាំងពីរ ឱ្យរៀនសូត្រភាសារបស់គូភាគី ដើម្បីបង្កើន មនោសញ្ចេតនា ដ៏មេត្រីភាព ។
ជាការឆ្លើយតប លោកស្រី Ngo Thi Phuong Ly បានថ្លែងថា នាងខ្ញុំមានចំណាប់ អារម្មណ៍ យ៉ាងខ្លាំង ចំពោះវប្បធម៌ចិន ដ៍អស្ចារ្យ រំពឹងទុកថាភាគីទាំងពីរវៀតណាម និងចិនអាចបង្កើនការផ្លាស់ប្តូរ និងការរៀន សូត្រពីគ្នាឥតឈប់ឈរ ។ ភាគីយើងទាំងពីរ គួរតែជំរុញការប្រាស្រ័យ ទាក់ទងរវាងស្ត្រីនិង យុវជនថែមមួយកម្រិតទៀត ដើម្បីបង្កើនការយល់ដឹង ពីគ្នាទៅវិញទៅមក និងបង្កើនមេត្រីភាព រវាងប្រជាជននិងប្រជាជន ៕