ព័ត៌មានជាតិ

ក្រុមហ៊ុនវិនិយោគចិនធំៗ១២ បង្ហាញចំណាប់អារម្មណ៍ ចង់វិនិយោគ លើវិស័យសក្ដានុពលនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនវិនិយោគចិនធំៗ ចំនួន ១២ ក្រុមហ៊ុន​ បានបង្ហាញចំណាប់អារម្មណ៍ ចង់ស្វែងរកឱកាសវិនិយោគ លើវិស័យមានសក្ដានុពលនានា​ នៅកម្ពុជា ។

ការបង្ហាញចំណាប់អារម្មណ៍នេះ ក្នុងឱកាសគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន ដឹកនាំដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២០ សីហា។

ក្នុងឱកាសនៃជំនួប លោក Zhao Yudong បានសម្ដែងការពេញចិត្ត និង ការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ នូវគោលនយោបាយ និងវិធានការថ្មី ប្រកបដោយភាពជាក់ស្ដែងនិយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរ សម្រាប់ការវិនិយោគនៅកម្ពុជា ។

លោក Zhao Yudong បានជម្រាបជូនសម្ដេចធិបតីថា «ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគទាំង១២ក្រុមហ៊ុន​នៅកម្ពុជានាឱកាសនេះ គឺក្នុង​គោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា​ ដូចជា វិស័យថាមពលស្អាត​ និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត» ។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែង នូវក្ដីសោមនស្សរីករាយ និងស្វាគមន៍ ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុនទាំង១២​ ក្នុងការស្វែង រកឱកាសវិនិយោគនៅកម្ពុជា ។ សម្តេច​ធិបតី បាន​គូសបញ្ជាក់ថា​ វិស័យសក្តានុពល ដែលគណៈប្រតិភូចាប់អារម្មណ៍ គឺជាវិស័យអាទិភាព របស់រាជរដ្ឋាភិបាល​ ដែលយកចិត្តទុកដាក់​​​ និងត្រៀមផ្តល់កិច្ចសម្របសម្រួល​​​ ក៏ដូចជាការលើកទឹកចិត្ត ដល់ណ្តាក្រុមហ៊ុន​​វិនិយោគ។

សម្ដេចធិបតី ក៏បានគូសរំលេចអំពីគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនូវក្របខ័ណ្ឌ សម្រាប់វិនិយោគិនបរទេស​ ដែលរួមមានដូចជា ៖ ការដាក់ចេញនូវច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា​, លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា ជាមួយនឹងកញ្ចប់វិធានការ លើកទឹកចិត្ត​ ដែលបង្កើតនូវបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល​ អាចប៉ាន់ប្រមាណបាន និងសម្បូរបែប។

សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូវិនិយោគ បន្តសហការ និងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបាន​ព័ត៌មាន​បន្ថែម​ និងអាចស្វែងយល់កាន់តែច្បាស់បន្ថែមទៀត អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ៕

To Top