ព័ត៌មានអន្តរជាតិ

វៀតណាម និងចិន ចុះហត្ថលេខាលើ ឯកសារចំនួន១៤ ក្រោយជំនួបរវាងមេដឹកនាំចិន លោក Xi Jinping និងមេដឹកនាំថ្មី វៀតណាម To Lam

AFP

បរទេស ៖ ប្រទេសចិន និងវៀតណាម បានចុះហត្ថលេខាលើឯកសារ ចំនួន ១៤ ដែលលាតសន្ធឹងលើផ្លូវរថភ្លើង ឆ្លងកាត់ព្រំដែន ទៅកាន់ការនាំចេញ កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីចិន Xi Jinping បានជួបជាមួយមេដឹកនាំថ្មី របស់វៀតណាមលោក To Lam នៅទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Lam ទៅកាន់ទីក្រុងប៉េកាំង ដែលជាដំណើរទស្សនកិច្ច ក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីលោកត្រូវបានតែងតាំង ជាប្រធានបក្សនៅដើមខែនេះ បង្ហាញពីបំណងប្រាថ្នា រវាងប្រទេសជិតខាងកុម្មុយនិស្តទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនង ខណៈដែលពាណិជ្ជកម្ម និង ការវិនិយោគកើនឡើង ហើយបើទោះបីជាប្រទេសទាំង២ មានការប៉ះទង្គិចគ្នាម្តងម្កាលលើព្រំដែន នៅសមុទ្រចិនខាងត្បូងក៏ដោយ ។

លោក Xi បាននិយាយថា “ចិនតែងតែចាត់ទុកវៀតណាម ជាអាទិភាពក្នុងទំនាក់ទំនងការទូតរបស់អ្នកជិតខាង ហើយគាំទ្រវៀតណាម ក្នុងការប្រកាន់ខ្ជាប់នូវការដឹកនាំ របស់បក្ស ប្រកាន់យកមាគ៌ាសង្គមនិយម សមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងធ្វើឲ្យស៊ីជម្រៅនូវបុព្វហេតុ នៃកំណែទម្រង់ និងទំនើបភាវូបនីយកម្មសង្គមនិយម”, ទំនាក់ទំនងការងារល្អ និងមិត្តភាពផ្ទាល់ខ្លួនជាមួយលោក Lam ។

ចំណែកលោក Lam បានពណ៌នាអំពីទំនាក់ទំនងទ្វេភាគីថាជា “អាទិភាពកំពូលនៅក្នុងគោលនយោបាយខាងក្រៅរបស់វៀតណាម” ហើយបានហៅការធ្វើដំណើរ របស់លោកទៅកាន់ប្រទេសចិនថា “ជាការបញ្ជាក់របស់បក្ស និងរដ្ឋាភិបាលវៀតណាម ដើម្បីអោយតម្លៃទំនាក់ទំនង ជាមួយប្រទេសចិន”។

ប្រទេសទាំងពីរបាន ចុះហត្ថលេខាលើឯកសារស្តីពីការរៀបចំផែនការ និងការសិក្សាលទ្ធភាពសម្រាប់ផ្លូវរថភ្លើងដែលមានស្តង់ដារ ក្នុងអ្វីដែលលេចចេញ ជាជំហានថ្មីមួយឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើង នៃការតភ្ជាប់ផ្លូវដែកឆ្លងកាត់ព្រំដែន បន្ទាប់ពីកិច្ចព្រមព្រៀង បឋមលើបញ្ហានេះត្រូវបានចុះហត្ថលេខា កាលពីខែធ្នូ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម៕
ប្រែសម្រួលៈ ណៃ តុលា

To Top