ព័ត៌មានអន្តរជាតិ

ការបោះឆ្នោតប្រធាន គណបក្សកាន់ អំណាចរបស់ជប៉ុន គ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៧ ខែកញ្ញា

Kyodo

តូក្យូ៖ គណបក្សកាន់អំណាច របស់ប្រទេសជប៉ុន បានសម្រេចចិត្ត ជាផ្លូវការនៅថ្ងៃអង្គារនេះ ដើម្បីរៀបចំការបោះឆ្នោត ប្រធានថ្មី របស់ខ្លួននៅថ្ងៃទី២៧ ខែកញ្ញា ដើម្បីជ្រើសរើសអ្នកស្នងតំណែង របស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ដោយកំណត់ដំណាក់កាល សម្រាប់ការប្រណាំង ប្រជែង ដែលទំនងជាមានរដ្ឋមន្ត្រីបច្ចុប្បន្ន និងអតីតរដ្ឋមន្ត្រីជាច្រើន ដែលកំពុងស្វែងរកការកែប្រែ គណបក្សប្រជាធិបតេយ្យសេរី ដែលមានរឿង អាស្រូវមួយនេះ។ 

រដ្ឋមន្ត្រីឌីជីថលលោក Taro Kono ដែលត្រូវបានយកឈ្នះដោយលោក គីស៊ីដា ក្នុងការបោះឆ្នោតមុនឆ្នាំ២០២១ ឥឡូវនេះត្រូវបានកំណត់ ដើម្បីប្រកាសបេក្ខភាព របស់លោក នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

យោងតាមប្រភពពីគណបក្ស មួយបានឱ្យដឹងថា អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Shinjiro Koizumi បានប្រាប់មនុស្សជិតស្និទ្ធ នឹងលោកថា លោកនឹងឈរឈ្មោះប្រកួតប្រជែងតំណែង ប្រធានគណបក្សខាងលើនេះផងដែរ។

លោក គីស៊ីដា បានប្រកាសពីចេតនារបស់លោកថា នឹងមិនបន្តរហូតដល់ចុងបញ្ចប់នៃអាណត្តិបីឆ្នាំបច្ចុប្បន្នរបស់គាត់ ជាប្រធានគណបក្ស LDP ដែលផុត កំណត់នៅក្នុងខែកញ្ញានោះទេ ហើយលោកបានជំរុញឱ្យសមាជិក បក្សកាន់អំណាច ពិចារណាឈរឈ្មោះ ក្នុងការបោះឆ្នោតនាពេលខាងមុខ ដើម្បីបង្ហាញថា គណបក្សកំពុងប្រែក្លាយខ្លួន បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដោយសាររឿង អាស្រូវរៃអង្គាសថវិកា នយោបាយពាក់ព័ន្ធនឹងបក្សពួកសំខាន់ៗ និងចំណងទាក់ទង ជាមួយវិហារបង្រួបបង្រួម ដ៏ចម្រូងចម្រាស។

នាយករដ្ឋមន្ត្រីវ័យ ៦៧ឆ្នាំរូបនេះ ត្រូវបានដកស្រង់សម្តី ដោយសមាជិកសភាជាន់ខ្ពស់ ដែលបានឲ្យដឹងនៅ ក្នុងកិច្ចប្រជុំមួយថា “ការបោះឆ្នោត នឹងក្លាយជាឱកាសមួយ សម្រាប់ពួកយើង ដើម្បីបង្ហាញថា LDP ដែលបានកែទម្រង់” ។

អ្នកឈ្នះការបោះឆ្នោតដឹកនាំបក្ស LDP ស្ទើរតែប្រាកដណាស់ថា នឹងត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី ខណៈដែលគណបក្សនេះគ្រប់គ្រង សភាតំណាងរាស្រ្ត ដែលជាសភាជាន់ទាបដ៏មានឥទ្ធិពល។

បក្ស LDP នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តលើ រយៈពេលយុទ្ធនាការ ១៥ថ្ងៃ ដែលជារយៈពេលវែងបំផុត ក្រោមច្បាប់គណបក្ស បច្ចុប្បន្ន ដែលត្រូវបានកែសម្រួលក្នុងឆ្នាំ១៩៩៥ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top