ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស ៖ ចិនគ្មានបំណង ក្នុងការប្រកួតប្រជែង អាវុធជាមួយ នឹងអាមេរិកឡើយ

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ការភ័យខ្លាចរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ទីក្រុងប៉េកាំង គឺគ្មានមូលដ្ឋានទាំងស្រុងនោះឡើយ។

ការអត្ថាធិប្បាយរបស់នាងបានកើតឡើង បន្ទាប់ពីកាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើបច្ចុប្បន្នភាពយ៉ាងស្ងៀមស្ងាត់ នូវការណែនាំស្តីពីការងារ នុយក្លេអ៊ែររបស់ប្រទេស ដោយផ្តោតលើប្រទេសចិនឡើងវិញ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោកស្រី Mao បាននិយាយថា ទីក្រុងប៉េកាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នេះ។ លោកស្រី​បាន​អះអាង​ថា​៖ អាមេរិក​បាន​ហៅ​ប្រទេស​ចិន​ថា​ជា ការ​គំរាមកំហែង​នុយក្លេអ៊ែរ ហើយ​បាន​ប្រើ​វា​ជា​លេស​ដ៏​ងាយស្រួល​សម្រាប់​សហរដ្ឋអាមេរិក​ដើម្បី​គេច​ពី​កាតព្វកិច្ច​របស់ខ្លួន​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​​។

លោក Mao បានបន្ថែមទៀតថា ទំហំនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនគឺ មិនស្ថិតលើកម្រិតដូចគ្នាជាមួយសហរដ្ឋអាមេរិកទេដោយសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំង អនុវត្តតាមគោល នយោបាយ គ្មានការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាលើកដំបូង ហើយតែងតែរក្សាសមត្ថភាព នុយក្លេអ៊ែររបស់ខ្លួននៅកម្រិត អប្បបរមាដែលត្រូវការ។

គួរឲ្យដឹងដែរថាកាលពីនៅឆ្នាំ២០២៣ មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា ប្រទេសចិននឹងបង្កើនការផ្ទុកក្បាល គ្រាប់នុយក្លេអ៊ែរប្រតិបត្តិការរបស់ខ្លួនទ្វេ ដងដល់ជាង១,០០០ គ្រឿងនៅឆ្នាំ ២០៣០៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top