ព័ត៌មានអន្តរជាតិ

អង្គការ OPEC ទទួលបានផែនការសំណងថ្មី ពីប្រទេសអ៊ីរ៉ាក់ និងកាហ្សាក់ស្ថាន សម្រាប់ការផលិត ប្រេងលើសកម្រិត

វីយែន ៖ លេខាធិការដ្ឋាន នៃអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានឲ្យដឹងថា ខ្លួនបានទទួលផែនការសំណង ដែលបានធ្វើបច្ចុប្បន្នភាព ពីអ៊ីរ៉ាក់និងកាហ្សាក់ស្ថាន សម្រាប់បរិមាណប្រេង ដែលផលិតលើសរបស់ពួកគេក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៤។

អង្គការ OPEC បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ាក់ ផលិតលើសចំនួន ១,៤៤ លានបារ៉ែល ក្នុងមួយថ្ងៃពីខែមករា ដល់ខែកក្កដា ហើយកាហ្សាក់ស្ថាន ផលិតលើសពី ៦៩៩,០០០បារ៉ែលក្នុងមួយថ្ងៃ។

យោងតាមផែនការ ដែលបានធ្វើបច្ចុប្បន្នភាពរបស់ពួកគេ អ៊ីរ៉ាក់ និងកាហ្សាក់ស្ថាន ត្រូវបានកំណត់ដើម្បីចាប់ផ្តើមទូទាត់សង សម្រាប់បរិមាណផលិតលើស របស់ពួកគេនៅក្នុងខែនេះ។

ប្រទេសទាំងពីរនឹងផ្តល់សំណងពេញលេញ សម្រាប់ការផលិតលើស របស់ពួកគេនៅខែកញ្ញា ឆ្នាំ២០២៥ ដោយការកាត់បន្ថយសំណង របស់ពួកគេ ប្រែប្រួលពីមួយខែទៅមួយខែ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីខែមិថុនា កិច្ចប្រជុំរដ្ឋមន្ត្រីប្រេងពីអង្គការ OPEC និងសម្ព័ន្ធមិត្ត ដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានរំលឹកឡើងវិញពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់​​​ នូវការអនុលោមភាពពេញលេញ និងយន្តការផ្តល់សំណង។  អង្គការ OPEC+ បានសម្រេចចិត្ត​នៅក្នុងកិច្ចប្រជុំ ដើម្បីពង្រីក ​ការកាត់បន្ថយទិន្នផល ដែលមានស្រាប់របស់ខ្លួនយ៉ាង​ហោចណាស់ដល់ត្រីមាសទីបីនៃឆ្នាំ២០២៤នេះ៕

To Top