ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំផ្តោតសំខាន់ លើការត្រួតពិនិត្យសមិទ្ធផលសម្រេចបាន តាមកម្មវិធីអាទិភាពនីមួយៗ របស់ក្រសួង, ការពិនិត្យលើបញ្ហា ការប្រឈម ក្នុងខែសីហា និងការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ សម្រាប់អនុវត្តបន្ដឱ្យមានប្រសិទ្ធភាព។

យោងតាមរបាយការណ៍ លទ្ធផលការងារដោយ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ បានលើកឡើងថា លទ្ធផលសម្រេច បានតាមកម្មវិធីទាំង៤ ដោយកម្មវិធីទី១: ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ក្នុងខែសីហាសម្រេចបាន ១១,៨៧% និងគិតត្រឹមប្រាំបីខែក្នុងឆ្នាំ ២០២៤ សម្រេចបាន ៦៣,៧៧%, កម្មវិធីទី២: ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងខែសីហាសម្រេចបាន ១៥,០៨% និងគិតត្រឹមប្រាំបីខែក្នុងឆ្នាំ ២០២៤ សម្រេចបាន៦២,៨៨%, កម្មវិធីទី៣: ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច ក្នុងខែសីហាសម្រេចបាន ៧,៨៨% និងប្រាំបីខែក្នុងឆ្នាំ ២០២៤ សម្រេចបាន៦៩,៣០% និងកម្មវិធីទី៤: ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងខែសីហាសម្រេចបាន ១៣,៦៤% និងគិតត្រឹមប្រាំបីខែក្នុងឆ្នាំ ២០២៤ សម្រេចបាន៦៥,០១%។ លទ្ធផលទាំងនេះជាការឆ្លុះបញ្ចាំង អំពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថា្នក់ទាំងអស់ ក្នុងការអនុវត្តផែនការសកម្មភាព ក្នុងក្របខ័ណ្ឌតួនាទី និងភារកិច្ចរបស់ក្រសួង។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍សំខាន់ៗ ដើម្បីជាយន្តការសម្រាប់អនុវត្តផែនការសកម្មភាពតាមកម្មវិធីទាំង៤ របស់ក្រសួង ឱ្យកាន់តែសម្រេចលទ្ធផលខ្ពស់ និងឈានទៅសម្រេចចក្ខុវិស័យរបស់ខ្លួនគឺ ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជននៅតំបន់ជន បទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ដែលជាការចូលរួមចំណែក អនុវត្តនូវយុទ្ធសាស្ដ្រ បញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចឱ្យខានតែបាននូវគោលដៅកម្ពុជា ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសដែលមាន ប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ​ លោករដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំ ស្តីអំពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងបានស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបរិច្ចាគថវិកា ទៅមូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន ដើម្បីបង្ហាញពីការចូលរួមអភិវឌ្ឍន៍ និងថែរក្សាព្រំដែនយ៉ាងពិតប្រាកដ ដែលកើតចេញពីយើងម្នាក់ៗ៕

To Top