ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំក្រសួងអប់រំ ជំរុញចលនា សិស្ស-និស្សិត ចេះគោរពដំបូន្មាន មាតា-បិតា ជីដូន-ជីតា ចាស់ព្រឹទ្ធចារ្យ និងឱ្យយល់ដឹងពីការប្រែប្រួល មនុស្សវ័យចាស់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំ ដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជំរុញចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មាន របស់ មាតា បិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួល របស់មនុស្សវ័យចាស់។

តាមរយៈសារាចររបស់ រាជរដ្ឋាភិបាល ស្តីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំរដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដោយបង្កលក្ខណៈ ឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានចូលរួម ចំណែកតាមគន្លង ប្រក្រតីភាពថ្មី ដើម្បីបង្កើន ការយល់ដឹង ឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគោលនយោបាយ ជាតិស្តីពីមនុស្សវ័យ ចាស់២០១៧-២០៣០ ។

សម្ដេចធិបតី បន្ដថា រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់កិច្ចអន្តរាគមន៍ជំរុញ សកម្មភាពបង្កើតសមាគមមនុស្សចាស់ បន្ថែមទៀតនៅ តាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនការ ដែលបានកំណត់ ដោយឈរលើស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ ជួយមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការ មិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ នានា សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគម មនុស្សចាស់ដែលមានស្រាប់។

សម្ដេចធិបតី បន្ថែមថា គ្រប់ក្រសួង ស្ថាប័ន ដែលមានសមាសភាពក្នុងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវរៀបចំ បង្កើតក្រុមការងារទទួលបន្ទុកការងារមនុស្សចាស់ ដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់២០១៧-២០៣០ ។ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះសំណេះសំណាល ជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវលើកកម្ពស់ ការយល់ដឹង អំពីសុវត្ថិភាពតាមប្រព័ន្ធ អនឡាញសម្រាប់មនុស្សចាស់ តាមរយៈកម្មវិធីលើកកម្ពស់ ការយល់ដឹង និង ការកសាងសមត្ថភាពជាពលរដ្ឋ ឌីជីថល សម្រាប់មនុស្សចាស់និងជនងាយរងគ្រោះដទៃទៀត។ ក្រសួងសុខាភិបាល ត្រូវចុះសំណេះសំណាល ជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនានានា ដើម្បីណែនាំ អំពីវិធានសុខាភិបាល ដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។

សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងថា «ក្រសួងអប់រំ យុវជន និងកីឡាត្រូវធ្វើសេចក្តីណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជំរុញចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួល របស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធី ក្រៅម៉ោងសិក្សាចុះ សួរសុខទុក្ខមនុស្សវ័យចាស់ ជាពិសេសជួយបំពេញការងារជាឧត្តមប្រយោជន៍ជូន មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងមូលដ្ឋានស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួន»៕

To Top