ព័ត៌មានជាតិ

សិស្ស និស្សិត​ នៃគ្រឹះស្ថានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅទូទាំងប្រទេស សប្បាយចិត្ត ក្នុងការចូលមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដែលបង្ហាញពីការ ស្រឡាញ់ជាតិពិតប្រាកដ

ភ្នំពេញ ៖ សិស្សានុសិស្ស និងសិក្ខាកាមនៃគ្រឹះស្ថាន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅទូទាំងប្រទេសកម្ពុជា បានប្រកាសពីការគាំទ្រ និងបរិច្ចាគថវិកា តាមលទ្ធភាពចូលក្នុងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនយ៉ាងច្រើនកុះករ ដែលជាស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរីកចម្រើន ។

យុវតី ឡន ស្រីនីត ជាសិស្សកំពុងសិក្សា នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែន ខេត្តបាត់ដំបង បានប្រកាសគាំទ្រ គម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសន្ដិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដី ។

យុវតីរូបនេះបន្តថា ៖ «ខ្ញុំបានបរិច្ចាគថវិកាមួយចំនួន តាមលលទ្ធភាព ក្នុងនាមជាកូនខ្មែរមួយរូប ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេស និងការពារទឹកដី»។

យុវជន តាំង គីមសុង ជានិស្សិត នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានបង្ហាញការសប្បាយរីករាយ ក្នុងការចូលរួមបរិច្ចាគថវិកា ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ហើយនិស្សិតរូបនេះ ក៏បានប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោងនេះ ។

យុវជនរូបនេះបន្ថែមថា៖«យើងខ្ញុំទាំងអស់គ្នា សូមចូលរួមក្នុងមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ព្រោះក្នុងនាមយើងជាកូនខ្មែរ ត្រូវតែបង្ហាញពីសាមគ្គីភាពចំពោះប្រទេសជាតិ» ។

ចំណែកយុវតី បូរ សុខអេង ជាសិស្សកំពុង សិក្សានៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែនបន្ថែមទៀត ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព និងការចូលរួមអភិវឌ្ឍន៍ជាតិទាំងអស់គ្នា។

យុវតីរូបនេះនិយាយថា ៖ «នាងខ្ញុំបានចូលរួមបរិច្ចាគថវិកា តាមលទ្ធភាពរួចហើយ ហើយខ្ញុំក៏សូមអំពាវ នាវឱ្យមានការគាំទ្រ គម្រោងមូលនិធីបន្ថែមទៀត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីប្រទេសជាតិយើង»។

បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានប្រកាសគាំទ្រ បរិច្ចាគថវិកា និងដូរប្រូហ្វាល់លើហ្វេសបុករបស់ខ្លួន ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)៕

To Top