ព័ត៌មានជាតិ

ក្រសួងកសិកម្ម ចេញផ្សាយវីដេអូចំនួន១២ បង្ហាញពីសក្ដានុពលនៃអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦

រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្រសួងនឹងចេញផ្សាយវីដេអូជាបន្តបន្ទាប់ ចំនួន១២ ដែលបង្ហាញពីសក្ដានុពលនៃអនុវិស័យទាំង៥ គឺកសិកម្ម ជលផល ព្រៃឈើ កៅស៊ូ និងសុខភាពនិងផលិតកម្មសត្វ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ស្ដីពីការដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ និងសហគមន៍កសិកម្មទំនើប។

ក្រសួងកសិកម្មបញ្ជាក់ថា វីដេអូទាំង១២នេះ សម្រេចបានដោយមានការគាំទ្រ ការផលិតពីស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រោមការដឹកនាំផលិត ដោយផ្ទាល់ពីលោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

លោកស្រី អ៊ឹម រចនា បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយអំពីការងារដែលក្រសួងបានធ្វើកន្លងមក ទាំងការងារអភិរក្ស និងអភិវឌ្ឍ នឹងមានរំលេចនៅក្នុងវីដេអូឯកសារទាំង១២នេះ។

លោកស្រី មានសុទិដ្ឋិនិយមថា តាមរយៈវីដេអូនេះ សាធារណជននឹងបានយល់ដឹងកាន់តែច្បាស់ អំពីការងារដែលថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រឹងប្រែងធ្វើ ដោយសហការជាមួយអង្គការ និងដៃគូអភិវឌ្ឍនានា ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀង ក៏ដូចជានិរន្ដរភាពសេដ្ឋកិច្ចនិងបរិស្ថាន។

នៅក្នុងការងារផលិតវីដេអូទាំង១២នេះ លោកស្រី អ៊ឹម រចនា បានថ្លែងអំណរគុណចំពោះលោក រដ្ឋមន្ដ្រី ឌិត ទីណា ដែលបានចំណាយពេលណែនាំតម្រង់ទិស និងផ្ដល់អនុសាសន៍កែលម្អ ធ្វើយ៉ាងណាឱ្យវីដេអូទាំងអស់មានខ្លឹមសារ ឆ្លុះបញ្ចាំងនូវការងារពិតជាក់ស្ដែងដែលក្រសួងកំពុងធ្វើ និងបន្តធ្វើទៅថ្ងៃមុខ ដើម្បីសម្រេចបាននូវគោលនយោបាយរបស់ក្រសួង។ គោលនយោបាយរបស់ក្រសួង ដែលប្រឹងប្រែងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឱ្យប្រជាជន និងប្រជាជាតិកម្ពុជា «មានហូប មានបាន មានប្រើ និងមានរហូត»។

សម្រាប់វីដេអូដំបូងដែលត្រូវចេញផ្សាយនាល្ងាចថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងជ្រើសយកវីដេអូឯកសារស្ដី អំពីការងារអភិរក្សធនធានជលផលបាតសមុទ្រ នៅតំបន់កោះអាចម៍សេះ។ វីដេអូឯកសារនេះ បានចាក់បញ្ចាំងនៅក្នុងពិធី បើកមហោស្រពភាពយន្តអន្ដរជាតិកម្ពុជាលើកទី១៣ ឆ្នាំ២០២៤ និងក្នុងកម្មវិធីផែនដីដ៏ស្រស់ស្អាត ដែលលោករដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញជាអធិបតី កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ផងដែរ ៕

To Top